ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុករថយន្តសាមុយរបស់មន្ទីរពេទ្យឯកជន​ ម៉ាលីសបុត្រ កំពុងដឹកសព​ បណ្ដាលឱ្យបុរសពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

      ភ្នំពេញ​ ៖​ បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿនជ្រុលទៅបុករថយន្តសាមុយរបស់មន្ទីរពេទ្យឯកជន​ ម៉ាលីសបុត្រ ដែលកំពុងដឹកសពបុរសម្នាក់​បើកឆ្លងផ្លូវ​ ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់​ កាលពីវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២២​ នៅត្រង់ចំណុចស្តុបទួលពង្រតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងនឹងផ្លូវមហាវីថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃើញរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជន​ ម៉ាលីស បុត្រ មួយគ្រឿង​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BM-9135​ ដឹកសពបុរសម្នាក់យកទៅខេត្តបាត់ដំបង ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C- 125ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ1IZ-2240ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីចោមចៅ​ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ជ្រុលបុករថយន្តសាមុយពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ទាំងពីរនាក់។ 

      ក្រោយកេីតហេតុភ្លាមៗ​ រថយន្តសាមុយមួយគ្រឿងទៀត​បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​។ចំណែកសពនៅនិងរថយន្តសាមុយដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានផ្ទេរដាក់រថយន្តសាមុយមួយគ្រឿងទៀតដើម្បីបញ្ជូនទៅស្រុកកំណើតធ្វេីបុណ្យបន្ត​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖