ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ លោក អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ប្រេី​ធម៌​ក្ដៅចំពោះអំពេីរំលោភបំពានច្បាប់​របស់​ឧកញ៉ា​ កូ​ ណៃ​ ករណីចុះបង្ក្រាប​អំពើ​រំលោភ​បំពានដីរដ្ឋ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​បន្ទាយមានជ័យ​ ប្រេី​ធម៌​ក្ដៅចំពោះអំពេីរំលោភបំពានច្បាប់​របស់​ឧកញ៉ា​ កូ​ ណៃ​ ករណីចុះបង្ក្រាប​អំពើ​រំលោភ​បំពានដីរដ្ឋ។ ដែលប្រតិបត្តិការនេះបានធ្វើឡើងកាលនៅថ្ងៃទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ គឺ លោក អ៊ុំ​ រាត្រី​ អភិបាល​ ខេត្ត​បន្ទាយមានជ័យ​ បានដឹកនាំ​កងកម្លាំង​​និង​មន្ត្រី​ ចុះបង្ក្រាប​អំពើ​រំលោភ​បំពាន​ដីរដ្ឋ​ពី​សំណាក់​លោក​ឧកញ៉ា​ កូ ណៃ​ ថៅកែ​វ៉ៃថ្ម​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ នៅចំណុច​ភូមិ​ ពង្រ​ សង្កាត់​កំពង់​ស្វាយ​ ក្រុង​ សិរី​សោភ័ណ​ ខេត្ត​ បន្ទាយមានជ័យ​ ។  

សូមជម្រាបជូនថា, អ្វី​ដែល​ធ្វើឲ្យ​មហាជន​ហួសចិត្ត​នោះគឺ​ ឧកញ៉ា​ កូ​ ណៃ​ ដែលរំលោភបំពានយកដីរដ្ឋនោះ​ បានយកថ្ម​ធំៗ​មកបិទផ្លូវមិនឱ្យ​ប្រជាពលរដ្ឋ​ធ្វេី​ដំណើរ​ឆ្លង​កាត់​ ។  បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ លោក អភិបាល​ខេត្ត​ បន្ទាយមានជ័យ​ ចុះ​បង្ក្រាប​ផ្ទាល់​តែម្ដង​ ដោយ​រុះរេីរបង​ និង​ ថ្ម​ចេញ​ពី​ដីរដ្ឋ​ ។  នេះបើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែគេមិនទាន់បានទទួលនូវរបាយការណ៍ ជុំវិញការចុះបង្ក្រាបនេះ ចាប់យកបានវត្ថុតាងអ្វីខ្លះ ឬក៏ត្រូវបានអាជ្ញាធរខេត្ត និងបន្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីចាត់វិធានការលើជនដែលបានរំលោភយកដីរដ្ឋ ។ 

តាម​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ឱ្យដឹងថា​ ឧកញ៉ា​ កូ​ ណៃ​ នេះ​ មាន​ក្របខ័ណ្ឌ​នៅ​ ក្រសួង​មហាផ្ទៃ​ រកស៊ី​ខាងវ៉ៃថ្ម​ តែមាន​បទពិសោធន៍​ច្រើន​ខាងរំលោភដីរដ្ឋយកមកធ្វេី​កម្មសិទ្ធិ​របស់​ខ្លួន​ សូម្បី​តែ​នៅ​ស្រុក​ស្វាយ​ចេក​ ក៏​លោកឧកញ៉ា​នេះ​រំលោភបំពានដែរ​ ។  ដូច្នេះទាំងមន្ត្រីនគរបាលយុត្តិធម៌ ទាំងមន្ត្រីជំនាញភូមិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ បើកការស៊ើបអង្កេត រកឲ្យឃើញជុំវិញបទល្មើសនេះ ដើម្បីការពារឲ្យផលប្រយោជន៍របស់រដ្ឋ និងការពារដីឯកជនរបស់ប្រជាពលរដ្ឋ។ 

ប្រជាពលរដ្ឋសូមសំណូមពរដល់ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ មេត្តា​ចុះពិនិត្យមេីល​សកម្មភាព​របស់​ ឧកញ៉ា​ កូ​ ណៃ​ នៅ​ ភូមិ​ ស្លក្រាម​ ស្រុក​ ស្វាយចេក​ ខេត្ត​បន្ទាយ​មានជ័យ​ជា​បន្តទៀតផង​ សូម​អរគុណ​ទុក​ជាមុន​ ។ ខណៈទទួលដំណឹងថា មានករណីកាយដីចំណីភ្នំ ដីឯកជន ដោយក្រុមអ្នកមានអំណាច មានលុយ ហ៊ានធ្វើបំពានទៅនឹងច្បាប់។ ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន ” នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងបានទេពីលោកឧកញ៉ា កូ ណៃ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ថាតើករណីនេះ ពិតជាបានពាក់ព័ន្ធជាមួយគាត់ឬមួយយ៉ាងណា ? អង្គភាពយើងខ្ញុំនឹងរង់ចាំការទទួល នូវអ្វីដែលធ្វើការបកស្រាយមានមូលដ្ឋានជាក់លាក់ គ្រប់ម៉ោងធ្វើការ ៕

ដោយ ៖ សហការី


ចែករំលែក៖