ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ អ្នកធ្វើអនាម័យបានប្រទះឃើញសាកសពទារកម្នាក់ត្រូវគេច្រកថង់រុំជាមួយសារុងដែលប្រលាក់សុទ្ធតែឈាមត្រូវបានទម្លាក់ចោលក្នុងគំនរសំរាមក្បែររបងសាលាកសិកម្មចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចៅសង្កាត់ដង្កោ លោកស្រី សឿង សេរី បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សាកសពទារកនោះ គឺជាទារកដែលទើបតែកើតហើយស្លាប់ ហើយត្រូវបានឪពុកម្តាយយកមកទម្លាក់ចោលនៅក្នុងគំនរសំរាមដែលអ្នកអនាម័យបានប្រទះឃើញ។
បើតាមលោកស្រីចៅសង្កាត់ដង្កោ សាកសពទារកនោះត្រូវបានអាជ្ញាធរចាត់ចែងបញ្ជូនទៅវត្តដើម្បីធ្វើបុណ្យ។ តែយ៉ាងណាគេមិនទាន់ដឹងថា ទារកនោះស្លាប់ដោយសារអ្វីនៅឡើយទេ ខណៈដែលអាជ្ញាធរកំពុងតែស្រាវជ្រាវស្វែងរកឪពុកម្តាយ និងសាច់ញាតិរបស់ទារកនោះ។
ជុំវិញករណីនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយពលរដ្ឋខ្លះបានបង្ហាញក្តីអាណិតអាសូរចំពោះទារកនោះ និងបានបញ្ចេញមតិចំពោះទង្វើដែលគ្មានទំនួលខុសត្រូវមួយនេះ។ ពលរដ្ឋថា បើជ្រុលជាបង្កើតគ្នាហើយស្លាប់ ម្តេចមិនព្រមយកគ្នាទៅកប់ឱ្យបានត្រឹមត្រូវ បែរជាយកគ្នាមកទម្លាក់ចោលដោយគ្មានស្រណោះសូម្បីតែបន្តិច។
ករណីបែបនេះបានកើតមានជាហូរហែ ទាំងទារកនៅរស់ ទាំងសពទារក ត្រូវបានឪពុកម្ដាយយកមកបោះចោល ទម្លាក់ចោលគ្មានក្តីអាណិតអាសូរក្នុងនាមជាអ្នកផ្ដល់កំណើតបន្តិចសោះឡើយ ៕
ដោយ ៖ សហការី