ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយយំបោកខ្លួនខណៈកូនស្រីអាយុជាង០១ឆ្នាំលង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ការធ្វេសប្រហែសតែមួយភ្លែតរបស់អាណាព្យាបាលធ្វើឱ្យកុមារីអាយុជាង០១ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២៣នេះបានឱ្យដឹងថា កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៣ អ្នកស្រី រ៉េត រ៉ា អាយុ៤៦ឆ្នាំ ដែលត្រូវជាយាយក្មេងស្រីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

   ក្មេងស្រីរងគ្រោះឈ្មោះ វាសនា សាមឌី អាយុ១ខួប៣ខែ បាននាំគ្នាលេងនៅមុខផ្ទះជាមួយក្មេងតូចៗដូចគ្នាពីរនាក់ផ្សេងទៀត ខណៈយាយកំពុងលីងផ្លែម្ទេសភ្លេចខ្លួនមួយភ្លែតក្រឡេករកមើលចៅតែរកមិនឃើញ ហើយក្រោយកគាត់ក៏ប្រាប់ទៅឪពុកក្មេងស្រីឱ្យជួយដើររកតែរកមិនឃើញ។ លុះមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១ និង០២នាទី ទើបនាំគ្នាទៅរាវរកម្តងទៀតក៏ប្រទះឃើញសពនៅក្នុងទឹកស្រះខាងក្រោយផ្ទះត្រង់ចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ 

   ក្រោយទទួលបានព័ត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។ បន្ទាប់មកក៏បានប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖