ភ្នំពេញ ៖ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគោរពជូន នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
កម្មវត្ថុ៖ សំណើសុំផ្ដល់កិច្ចអន្តរាគមន៍ចាត់វិធានការទប់ស្កាត់បណ្តាញប្រព័ន្ធព័ត៌មានសង្គមដែលបាន យកបទចម្រៀងអមដោយរូបភាព ក្រោមចំណង “ឈាមបាតុករ» ទៅបង្ហោះផ្សព្វផ្សាយ ។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ជ្រាបថា៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានពិនិត្យឃើញ ក្នុងពេលបច្ចុប្បន្ននេះ មាន Page បណ្តាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួនបានយកបទចម្រៀងអមដោយ រូបភាពក្រោមចំណងជើងថា “ឈាមបាតុករ» ដែលមានខ្លឹមសារ អុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម របស់អ្នកនិពន្ធទំនុកច្រៀង និងអ្នកច្រៀង ឈ្មោះ គា សុគន្ធ ដែលធ្លាប់ត្រូវបានក្រសួង មហាផ្ទៃចាត់វិធានការបិទ និង ផ្ដន្ទាទោសម្ដងរួចហើយមកផ្សព្វផ្សាយជាថ្មីឡើងវិញ។
អាស្រ័យហេតុនេះ ដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតីដែលអាចនឹងកើតមានឡើងជាយថាហេតុ តាមរយៈបទចម្រៀងដែលមានខ្លឹមសារ អុជអាល ញុះញង់ នេះ ខ្ញុំសូម លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត មេត្តាពិនិត្យចាត់វិធានការនានាតាមនីតិវិធីច្បាប់ដែលមានជាធរមានដោយអនុគ្រោះ។
សូមលោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ទទួលនូវការគោរពរាប់អានដោយស្មោះអំពីខ្ញុំ ៕
ដោយ : សិលា