ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រលប់ថ្ងៃសុក្រទី០៦ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកសង្កែ បានឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃ កាលពីព្រឹកមិញនេះ នៅចំណុចក្រុមទី១៦ ភូមិជំនីក ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា មានករណីអំពើលួច (លួចយកទ្រព្យសម្បត្តិ)អ្នកដទៃ មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ គឺ គឹមលាន ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ដោយក្នុងនោះយកបានខ្សែដៃប្លាទីនចំនួន០១ខ្សែ និងចញ្ចៀនប្លាទីនចំនួន០១វង់។
មន្រ្តីដដែលបន្តថា នៅពេលដឹងថាបាត់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុក និងដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិលធ្វេីការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនសង័្សយឈ្មោះ សៀង ប្រុស ហៅ ជុយ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង និងបានដកហូតខ្សែដៃប្លាទីនចំនួន០១ខ្សែ និងចញ្ចៀនប្លាទីនចំនួន០១វង់ ជារបស់ជនងគ្រោះ។
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់ រីឯភស្តុតាងក្នុងករណីលួច បានប្រគល់ជូនជនងគ្រោះវិញ៕
ដោយ៖សហការី