ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤នាក់(ស្រី២នាក់) របួសធ្ងន់ចំនួន ៤នាក់(ស្រី១នាក់) និងរបួសស្រាលចំនួន ៣នាក់(ស្រី១នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែមករានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១១នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៨លើក។
ជាមួយគ្នានេះ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៦ ខែមករានេះដែរ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ១៣៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ១.៤៩០គ្រឿង ម៉ូតូចំនួន ១.៤០៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤១៧គ្រឿង មានម៉ូតូចំនួន ៣៧៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល៦ថ្ងៃ(ថ្ងៃទី០១-០៦ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៨.៥៥៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១.៥៦៦គ្រឿង ម៉ូតូមានចំនួន ១.៣៩៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល៦ថ្ងៃនៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖សហការី
រូបភាព៖ ឯកសារ