ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឱ្យបុរស២នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៦ខែមករាឆ្នាំ២០២៣នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១០៧និងលេខ១០៨ត្រង់ចំណុចភូមិនារាទេន ឃុំ ឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះតូច សុធា អាយុ២០ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះផាត ភារិទ្ធភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ស ពាក់ស្លាកលេខស្វាយរៀង១T-៩៨៨៣រងខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះបន្ទាប់ពីឃើញសភាពការណ៍មិនស្រួលបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ស ពាក់ស្លាកលេខស្វាយរៀង១T-៩៨៨៣ដោយធ្វើដំណើរនៅលើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិច ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AK-៤៨៤២ធ្វើដំណើរបញ្ច្រាសគ្នាក៏បុកពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ក្រោយមកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត។
ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕
ដោយ៖ សុថាន