ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២និង១០នាទី នៅចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន បូរ៉ាមី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរមុខរបរក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ យូ ភីអាយ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំភូមិព្រែកតាកែវ២ ឃ៉ំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖
១-កាំបិតបុ័ងតោ០១ ផ្លែដែកដងដែកប្រវែង៣០សង់ទីម៉ែត្រ ទទឹងផ្លែ០៦សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០និង១៥នាទី ឈ្មោះ យូ ភីអាយបានដើរមកដល់មុខផ្ទះឈ្មោះអ៊ុន បូរ៉ាមី រួចហើយយកដៃទាំងពីរអង្រួនទ្វាររបងដែកឮសូរគ្រាំងៗហើយដើរត្រឡប់ទៅផ្ទះខ្លួនវិញ។ លុះមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣វេលាម៉ោង១០និង០០នាទី ឈ្មោះ យូ ភីអាយ បានដើរមកមុខផ្ទះ ឈ្មោះអ៊ុន បូរ៉ាមី ម្តងទៀតរួចយកជើងធាក់ទ្វាររបងផ្ទះ និងយកដ៉ំថ្មគប់ចូលក្នុងផ្ទះជាច្រើនដ៉ំ។
លុះដល់ម៉ោង២២និង១០នាទីយប់ថ្ងៃ ខែ ឆ្នាំដដែរ ឈ្មោះ យូ ភីអាយ ភេទប្រុសបានដើរមកមុខផ្ទះឈ្មោះអ៊ុន បូរ៉ាមី ភេទប្រុសម្តងទៀតរួចយកកាំបិតបុ័ងតោ០១ ផ្លែដែកដងដែកប្រវែង ៣០សង់ទីម៉ែត្រ ទទឹងផ្លែ០៦សង់ទីម៉ែត្រ មកកាប់ទ្វាររបងបណ្ដាលអោយខូចខាតចំនួនបីកន្លែង រួចបានបោះកាំបិតចូលទៅក្នុងរបងផ្ទះឈ្មោះអ៊ុន បូរ៉ាមី ថែមទៀត។
មកដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣វេលាម៉ោង ១១និង៣០នាទី ឈ្មោះ យូ ភីអាយបានមកឈរអង្រួនទ្វាររបងផ្ទះរបស់ឈ្មោះអ៊ុន បូរ៉ាមី ម្តងទៀត រួចហើយត្រឡប់ទៅផ្ទះវិញ។ រហូតមកដល់ម៉ោង១៦និង១៥នាទីឈ្មោះអ៊ុន បូរ៉ាមី បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោងធំ។ ក្រោយពីទទួលបានពាក្យបណ្តឹងហើយ កម្លាំងប៉ុស្តិ៍នគនរបាលរដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួន ឈ្មោះ យូ ភីអាយយកមកប៉ុស្តិ៍ធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ យូ ភីអាយ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តករណីធ្វើឱ្យខូចខាតដោយចេតនា ប្រាកដមែន៕
ដោយ៖ ស្អាងជ័យ