ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា ប្រកាសឲ្យបន្តការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ ដើម្បីទប់ស្កាត់ការញុះញ៉ង់ពីខាងក្រៅ។ សម្ដេចបញ្ជាក់ថា ការរក្សាភាពរឹងមាំផ្ទៃក្នុងគឺជាប្រសិទ្ធភាពក្នុងការរក្សាស្ថិរភាព និងការរីកចម្រើនបច្ចុប្បន្ន។
សម្ដេចតេជោថ្លែងបែបនេះក្នុងពេលដែលកម្ពុជាប្រារព្ធទិវាជ័យជម្នះ ថ្ងៃទី៧ មករា ខួបទី៤៤ ដែលប្រព្រឹត្តនៅកោះពេជ្រ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ។
គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
សូមឱ្យស្មារតី៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕
ដោយ ៖ សិលា