ខេត្តព្រៃវែង ៖ ជាសក្ខីភាពនៃសុខសន្តិភាព និងការរស់រានជាថ្មី នៅព្រឹកថ្ងៃទី៧ មករា ២០២៣ នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅស្រុកពារាំង ខេត្តព្រៃវែង។
នៅចំពោះមុខអង្គពិធីដែលមានសមាជិកចូលរួមប្រមាណជាងមួយពាន់នាក់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអានសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះអត្ថន័យថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ។
សន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចពីការចងចាំចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកសេ្នហាជាតិជាច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថារយៈពេល៤៤ឆ្នាំមកនេះ ផ្តើមចេញពីជ័យជម្នះ៧មករា ររាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់យ៉ាង រួមទាំងដំណើរការលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានកំណើនជារៀងរាល់ឆ្នាំ ជាពិសេសការធ្វើឱ្យសង្គមជាតិទទួលបានសុខសន្តិភាព ធានាបានស្ថិរភាពនយោបាយ សន្តិសុខទូទាំងផ្ទៃប្រទេស។
លើមូលដ្ឋាននៃពលិកម្ម និងសមិទ្ធផលដ៏ធំធេងនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់អង្គវិធីទាំងមូលត្រូវវាយតម្លៃឲ្យបានច្បាស់លាស់ ចំពោះការជ្រើសរើសមេដឹកនាំដែលប្រកបដោយទឹកចិត្តស្នេហាជាតិ មានសមត្ថភាព ស្វែងរកសន្តិភាព ការពារបានសន្តិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានរំដោះជាតិពីរបបប៉ុល ពត ប៉ុណ្ណោះទេ សម្តេចតេជោ ក៏នៅបានសង្គ្រោះប្រជាពលរដ្ឋពីជ្រោះមរណៈនៃជំងឺកូវីដ១៩ផងដែរ៕
ដោយ ៖ សិលា