ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់សង្ស័យរអឹលជើងលង់ទឹកស្រះស្លាប់ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្ដស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹកខណៈប្រទះឃើញបុរសម្នាក់ស្លាប់ ក្នុងទឹកស្រះកាលពីវេលាម៉ោង៧និង៣៣នាទីព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០២៣ នៅភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។

មន្ដ្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោម បានឲ្យដឹងថា សព មានឈ្មោះ ឃុន សាលី (ហៅឌី) ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។

ប្រភព បានបន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមកម្មពិធីអាពាហ៍ពិពាហ៍ចៅនៅភូមិវាយ ឃុំគគីរសោម ហើយបានលង់ទឹកស្រះខាងកើតផ្ទះរបស់ឈ្មោះ ឃួន ចន្ធួន ភេទប្រុសអាយុ៥៩ឆ្នាំ ចម្ងាយប្រមាណ២០ម៉ែត្ររហូតដល់ម៉ោង៧និង៣៣នាទីព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០២៣ ទើបបងប្អូននិងក្រុមគ្រួសារប្រទះឃើញស្លាប់ក្នុងស្រះទឹកបាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុរួមទាំង លោកវេជ្ជបណ្ឌិត ឈ្មោះ សុត សំអូន គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលនិងកម្លាំងជំនាញនគរបាលស្រុកស្វាយទាប បានធ្វើការពិនិត្យសាកសពដោយធ្វើការសន្និដ្ឋានថាពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មអ្វីនោះទេ ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណតើហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សុថាន


ចែករំលែក៖