ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ ការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានដ៏សំខាន់ដែលអាចទ្រទ្រង់និង ត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ពីសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាត ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដោយមានមានប្រសាសន៍ថា , ការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានដ៏សំខាន់ដែលអាចទ្រទ្រង់និង ត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការ រីកចម្រើនជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពិសេស ចាប់ពីដំណាក់កាលនៃការអនុវត្ត នយោបាយឈ្នះ ឈ្នះ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួននៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលរួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។ ក្នុងបរិបទនេះ វិស័យ ផ្គត់ផ្គង់ទឹកស្អាត ទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការ ផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ដែលអាច បំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លើកកម្ពស់សុខុមាលភាពសាធារណៈ ព្រមទាំងឆ្លើយតបនឹងតម្រូវការផ្នែកមូលដ្ឋានផលិតកម្ម អាជីវកម្ម និងសេវាកម្មលើគ្រប់វិស័យក្នុង សង្គមជាតិទាំងមូល ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងប្រកាសគាំទ្រជាផ្លូវការចំពោះពាក្យស្លោក «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត កំណត់អំពីក្របខ័ណ្ឌគតិយុត្តសម្រាប់ការ គ្រប់គ្រងនិងអភិវឌ្ឍន៍ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បី ធានាគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាព សាធារណៈនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន។ ជាមួយគ្នានេះ សេចក្តីព្រាង ច្បាប់ខាងលើ ក៏នឹងចូលរួមកសាងទំនុកចិត្តនិងផ្តល់ភាពកក់ក្ដៅដល់អ្នកវិនិយោគ រួមទាំងការ ផ្តល់ហិរញ្ញប្បទានគាំទ្រក្នុងវិស័យទឹកស្អាត ព្រមទាំងផ្តល់សិទ្ធិនិងការការពារតាមផ្លូវច្បាប់ដល់ ប្រតិបត្តិករដែលកំពុងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។ តាមរយៈសេចក្តីព្រាងច្បាប់នេះ រាជរដ្ឋាភិបាល នឹងមានសក្តានុពលក្នុងការជំរុញការអនុវត្តគោលនយោបាយលើវិស័យទឹកស្អាត ផែនការទ្ធសាស្ត ដើម្បីស្ដារនិងកសាង់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត លើកកម្ពស់សុខមាលភាព សាធារណៈ និងរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ត្រូវបានរៀបចំឡើងជា១៥ជំពូក និង៦៥មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕

ដោយ ៖ សិលា


ចែករំលែក៖