ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោបញ្ជាឱ្យសមត្ថកិច្ចចាប់អ្នកអ្នកលេងហ្វេសប៊ុកម្នាក់ ដែលប្រមាថសម្តេច

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣នេះ ពីប្រទេសម៉ាឌីវនៅលើហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងរូបថត ដែលសម្តេចឆ្លៀតមុជទឹកសមុទ្រម៉ាល់ឌីវ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោក។ ភ្លាមៗ ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «Ver To» បានចូលខុមមិនថា «មែនហើយពុក ឆ្នេរសមុទ្រយើងស្អាតជាងគេ តែអ្នកដឹកនាំស្រុកយើង ស្មោគគ្រោកជាងគេលើលោក មែនអត់ពុក»។

 ឆ្លើយតបនឹងការលើកឡើងដូច្នេះ សម្តេចតេជោ ហ៊ុន សែន សរសេរថា «នេះជាសំដីមនុស្សពាល សូមនគរបាលស្វែងរកបន្ទាន់ តើវានៅឯណា?»។

សូមរម្លឹកថា នៅពេលអញ្ជើញទៅដល់ប្រទេសម៉ាល់ឌីវ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសដែនកោះ ដែលជាកន្លែងទេសចរណ៍ដ៏ទាក់ទាញនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងរូបថតនៅលើបណ្តាញសង្គម ដែលមានសេចក្តីថា «ឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹក នៅជាប់ជាមួយបន្ទប់ស្នាក់នៅ ទាំងទឹកប្រៃ និងទឹកសាប»។

ក្រោយមុជទឹកនៅដែនកោះទេសចរណ៍នេះរួច ស្រាប់តែសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងខុមមិនរបស់អ្នកលេងហ្វេសប៊ុកថា «ឆ្នេរសមុទ្រនៅប្រទេសយើង នៅតែស្អាតគ្មានគូប្រៀប»។

សម្តេចតេជោ ក៏បានឆ្លើយតបខុមមិនរបស់អ្នកលេងហ្វេសប៊ុកម្នាក់ទៀត ដែលក្រោយឃើញសម្តេចបង្ហោះរូបមុជទឹកសមុទ្រម៉ាល់ឌីវ ហើយចង់ឱ្យសម្តេច នៅពេលវិលត្រលប់មកកម្ពុជាវិញ អភិវឌ្ឍន៍ស្រុកយើង អោយលើសឆ្នេរម៉ាល់ឌីវទៀត។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ឆ្នេរសមុទ្រយើង មានគ្រប់យ៉ាងរួចទៅហើយ ទឹកប្រៃនិងទឹកសាប។ ផ្ទះសំណាក់ សណ្ឋាគារ ផ្លូវផ្នល់ និងសេវាផ្សេងទៀត។ នៅទីនេះ ពីកោះមួយ ទៅកោះមួយ ត្រូវតភ្ជាប់ដោយកាណូត សូម្បីស្អែកនេះ ទៅវិមានប្រធានាធិបតី ក៏ត្រូវជិះកាណូត៕

ដោយ៖ សូរិយា


ចែករំលែក៖