ភ្នំពេញ ៖ មានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវបានធ្វើសកម្មភាពភ្ជង់គំរាមនិងប្លន់យកលុយ ទូរស័ព្ទពីបុរសជាសន្តិសុខម្នាក់បានសម្រេច រួចនាំគ្នារត់គេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដាយផ្លូវបេតុងជិតផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ង៉ុយ ចំរើន ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរសន្តិសុខយាមនៅបុរីលឹមឈាងហាក់ ស្នាក់នៅរោងកម្មករ ស្ថិតនៅក្នុងភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមC-125 ស៊េរីឆ្នាំ 2022 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JV-6756។
បេីតាមសម្ដីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់បានចប់ម៉ោងការងារ រួចក៏បានជិះម៉ូតូមួយគ្រឿងចេញទៅដើរលេងនៅម្ដុំផ្លូវវេងស្រេង។ ក្រោយពីជិះម៉ូតូដើរលេងមើលគេមើលឯងរួចមក ក៏ជិះត្រឡប់មកកន្លែងស្នាក់នៅវិញ ហើយពេលជិះមកដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យមួយក្រុមមានគ្នា ៤ ទៅ ៥ នាក់ ធ្វើដំណើរដោយថ្មើរជើងប្រដាប់ដោយដាវបានមកភ្ជង់គំរាមរូបគាត់ដោយនិយាយសម្លុតថា បើមិនឱ្យលុយនិងទូរស័ព្ទមកពួកគេនោះទេពួកគេនឹងអារ.ករូបគាត់ ធ្វើឱ្យរូបគាត់ភ័យស្លន់ស្លោក៏ប្រគល់ទូរសព្ទម៉ាកoppo មួយគ្រឿងនិងលុយខ្មែរជាង២ម៉ឺនរៀលឱ្យទៅក្រុមជនសង្ស័យទាំងនោះ។ ក្រោយពីបានទូរស័ព្ទនិងលុយពីរូបគាត់ហើយ ក្រុមជនសង្ស័យយទាំងនោះបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់ទៅ។
ក្រោយកើតហេតុអស់រយៈពេលជិតមួយម៉ោងទើបឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការសួននាំ រួចក៏បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីងាយស្រួលដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ