ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីមានជំងឺសរសៃប្រសាទយកដំបងវាយប្រពន្ធរហូតដល់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានជីងឺសរសៃប្រសាទនៅជាប់ខ្លួនហើយខណៈពេលដែលជំងឺរើឡើងក៏បានយកដំបងវាយប្រពន្ធ រហូតដល់ស្លាប់រួចហើយគេចខ្លួនបាត់។ 

   ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

    ជនរងគ្រោះឈ្មោះ លី សុភា អាយុ៥៤ឆ្នាំ​ ចំណែកជនដៃដល់ជាប្តីឈ្មោះ សៀង សេត អាយុ៥៩ឆ្នាំ​ មានជំងឺប្រចាំកាយ(សរសៃប្រសាទ)។ 

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១និង៣០នាទី​ររសៀលថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២៣​ គេបានឃេីញបុរសជាប្តីបានកាន់ដែកបំពង់ទីបមួយកំណាត់រត់ចេញពីក្នុងផ្ទះ តែមិនមានអ្នកចាប់អារម្មណ៍នោះទេ។ រហូតមកដល់វេលាម៉ោង៤និង១៥នាទីខណៈកូនមកពីលក់ដូរនៅផ្សារវិញក៏ឡេីងទៅលេីឡៅតឿស្រាប់តែឃេីញម្តាយដេកដួលបាត់ស្មារតីក្នុងថ្លុកឈាមបាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចនិងហៅរថយន្តសង្គ្រោះមកជួយសង្គ្រោះ​។ បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យជាក់ស្តែងគឺជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។ 

    តាមប្រភពព័ត៌មានពីកូនៗបានឱ្យដឹងថា​ ឳពុករបស់គាត់មានជំងឺប្រចាំកាយ(សរសៃប្រសាទ)ជាយូរឆ្នាំមកហេីយ​តែរយៈពេល៣ថ្ងៃមកនេះគាត់បានដាច់ថ្នាំមិនទាន់បានទៅបើកនៅមន្ទីរពេទ្យផងស្រាប់តែជំងឺរេីឡេីងវាយសម្លាប់ប្រពន្ធខ្លួនឯងតែម្តង​ ខណៈដែលកូនៗចាកចេញពីផ្ទះខ្លះទៅធ្វេីការខ្លះទៀតទៅលក់ដូរ។ 

    បច្ចុប្បន្ន​សមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់មកដាក់ទោសតាមច្បាប់ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖