ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាកាត់ដកនិងក្រី មែកឈើមួយចំនួន នៅបរិវេណប្រាសាទបាយ័ន ដើម្បីបញ្ចៀសពីហានិភ័យ

ចែករំលែក៖

ខេត្តសៀមរាប៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ដក និងក្រីមែកឈើ គឺដើមឈើទាលមួយចំនួន ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់មកទស្សនាប្រាសាទ។ 

លោក យិន សុវ៉ាត ទីប្រឹក្សា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣នេះថា ការកាត់ដក ក្រីមែកឈើ ដែលងាប់នេះជាយូរមកហើយ មែក និងគល់របស់វាពុកផុយជាអន្លើៗ ការកាត់ដក និងកាត់ក្រីមែកឈើ គឺក្នុងគោលបំណង ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ ជួយសម្រាលទម្ងន់ដើមឈើ ជៀសវាងបាក់ធ្លាក់ ឬដួលរលំជាយថាហេតុផ្សេងៗ បណ្តាលឱ្យប៉ះពាល់ និងអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញចូលប្រាសាទ។ 

លោកពន្យល់ថា ការកាត់ដក និងកាត់ក្រីមែកឈើនៅតាមទីតាំងនានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។

 កំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារក៏បានរៀបចំផ្លូវវាងផងដែរ ដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗកំពុងបំពេញការងារ។ 

គួរបញ្ជាក់ថា នេះជាការងារប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ ក៏ដូចជាថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងារឲ្យបានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖