ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ ភ្ជួរដីដាំដំឡូងប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០៣គ្រាប់ក្នុងភូមិសាស្ត្រអតីតសមរភូមិប្រយុទ្ធខាងត្បូងឃុំស្ដៅ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើតាមរបាយការណ៍របស់នគរបាលមូលដ្ឋានប៉ុស្ថិ៍ឃុំស្ដៅបានប្រាប់ឲ្យដឹងថា÷ ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌសល់ពីសម័យសង្គ្រាមនេះបានបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ ត្រង់ចំណុចគ្រឹះខ្លុង ស្ថិតក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។ 

ប្រជាពលរដ្ឋដែលប្រទះឃើញជាម្ចាស់ចម្ការ ឈ្មោះ ស៊ិម ពិសិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឃុំក្បែរទីតាំងកើតហេតុរួចរត់ទៅរាយការណ៍ជូនដល់នគរបាលប៉ុស្តិ៍ ខណ:ពេលភ្ជួរដីលើកជារងដាំដំឡូង ដោយគ្រាប់ខាងលើឋិតនៅចន្លោះរងសម្រាប់ដាំដំឡូង។ ការរកឃើញនេះដំបូងឡើយបានប្រទះឃើញតែដែកចុងគ្រាប់ប៉ុណ្ណោះ សង្ស័យក៏កាយពិនិត្យមើលទើបដឹងច្បាស់ថាជាគ្រាប់កាំភ្លើង និងគ្រាប់មីនរហូតដល់ចំនួន ៣គ្រាប់។

សមត្ថកិច្ចបានបន្តថា÷ គ្រាប់កាំភ្លើង និងគ្រាប់មីនដែលពលរដ្ឋប្រទះឃើញនេះសរុបចំនួន ០៣គ្រាប់ មានគ្រាប់មីន ៦៩ មួយគ្រាប់, គ្រាប់កាំភ្លើង ១០០មីលីម៉ែត្រមួយគ្រាប់ និងគ្រាប់ប្រភេទ ៦០មីលីម៉ែត្រមួយគ្រាប់ផងដែរ។

ចំពោះមុខនគរបាលមូលដ្ឋានបានហ៊ុំព័ទ្ធដាក់ស្លាកសញ្ញាហាមឃាត់ រួចរាយការណ៍បន្តជូនដល់មន្ត្រីកំចាត់មីនកម្ពុជា CMAC ចុះប្រមូលទុកនៅកន្លែងមានសុវត្ថិភាពរង់ចាំឱកាសកម្ទេចចោលនៅពេលក្រោយ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖