ក្នុងបរិបទដែលសហរដ្ឋអាមេរិក និងកាណាដាបន្តរកឃើញនិងបាញ់ទម្លាក់វត្ថុហោះចម្លែកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសចិនកាលពីថ្ងៃទី១២ ខែកុម្ភៈ ក៏បានធ្វើសេចក្តីប្រកាសអំពីការរកឃើញនិងរៀបចំបាញ់ទម្លាក់វត្ថុហោះមិនស្គាល់អត្តសញ្ញាណដែលមានទីតាំងនៅឈូងសមុទ្រភាគខាងកើតនៃប្រទេសចិន។
ប្រព័ន្ធផ្សព្វផ្សាយចិន កាលពីថ្ងៃទី ១២ ខែកុម្ភៈ បានដកស្រង់សារពីការិយាល័យអភិវឌ្ឍន៍ដែនសមុទ្រស្រុក Jimo (Jimo) ទីក្រុង Qingdao ខេត្ត Shandong នៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសនេះ ដោយរំលឹកអ្នកនេសាទថា វត្ថុហោះមិនស្គាល់អត្តសញ្ញាណ (UFO) ត្រូវបានរកឃើញ។ នៅក្នុងដែនទឹកក្បែរទីក្រុង Rizhao ជាប់ទីក្រុង Qingdao ដែលអាចមើលឃើញពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ប្រទេសចិនកំពុងត្រៀមបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយ ដែលប្រទះឃើញកំពុងហោះហើរលើសមុទ្រក្បែរទីក្រុងកំពង់ផែ Qingdao។
បុគ្គលិកនៃការិយាល័យអភិវឌ្ឍន៍សមុទ្ររបស់ទីក្រុង Qingdao បាននិយាយថា នាយកដ្ឋានពាក់ព័ន្ធ កំពុងរៀបចំបាញ់ទម្លាក់វត្ថុនោះ។ ប៉ុន្តែមិនត្រូវបានគេប្រាប់ថា វត្ថុនោះជាអ្វីទេ។ របាយការណ៍បានបន្ថែមថា អ្នកនេសាទនៅក្នុងតំបន់ត្រូវបានណែនាំឱ្យរក្សាសុវត្ថិភាពបន្ថែម។
កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ យន្តហោះចម្បាំង F-22 របស់សហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុមិនស្គាល់សញ្ញាណមួយដែលស្ថិតនៅលើដែនអាកាសប្រទេសកាណាដា ពោលគឺមួយថ្ងៃបន្ទាប់ពីវត្ថុមិនស្គាល់អត្តសញ្ញាណផ្សេងមួយទៀត ត្រូវបានយោធាអាមេរិក បាញ់ទម្លាក់នៅលើរដ្ឋអាឡាស់ស្កា។
ការបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណទាំង២លើកខាងលើ បានកើតឡើងបន្ទាប់ពីយោធាអាមេរិកបានប្រើប្រាស់យន្តហោះចម្បាំង F-22 កាលពីថ្ងៃទី៤ ខែកុម្ភៈ ដើម្បីបាញ់ទម្លាក់នូវអ្វីដែលរដ្ឋាភិបាលអាមេរិកអះអាងថាជាបាល់ឡុងចារកម្មរបស់ចិន នៅលើផ្ទៃសមុទ្រក្បែររដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ក្រោយពីវាបានហោះនៅលើសហរដ្ឋអាមេរិក និងផ្នែកខ្លះនៃប្រទេសកាណាដា អស់រយៈពេលប្រហែលជា១សប្តាហ៍មកនោះ។
ចំណែកឯខាងភាគីទីក្រុងប៉េកាំងវិញបានអះអាងថា វាគឺជាបាល់ឡុងស៉ីវិលធម្មតា ដែលប្រើប្រាស់សម្រាប់ការស្រាវជ្រាវផ្នែកឧតុនិយមប៉ុណ្ណោះ ប៉ុន្តែត្រូវបានខ្យល់បក់ឱ្យរសាត់ចេញពីគន្លងធ្វើដំណើរដែលបានគ្រោងទុក ហើយចិនបានរិះគន់ការសម្រេចចិត្តបាញ់ទម្លាក់របស់អាមេរិកថាជាប្រតិកម្មជ្រុលហួសហេតុ៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters)