ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកាតារបរិច្ចាគផ្ទះចល័តដល់ប្រទេសទួរគី និងស៊ីរី សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះដោយការរញ្ជួយដី

ចែករំលែក៖

ប្រទេសកាតារនឹងបញ្ជូន “បន្ទប់កុងតឺន័រ” និងផ្ទះចល័តដែលប្រើក្នុងអំឡុងការប្រកួត World Cup ចុងក្រោយទៅកាន់ប្រទេសទួរគី និងស៊ីរី ដើម្បីជួយសង្គ្រោះដល់ពលរដ្ឋដែលរងគ្រោះពីការរញ្ជួយដី។
យោងតាមកាសែត Straits Times កាលពីថ្ងៃទី ១២ ខែកុម្ភៈ មន្ត្រីកាតារបាននិយាយថា ខ្លួននឹងបញ្ជូន “បន្ទប់កុងតឺន័រ” ទៅកាន់ប្រទេសទួរគី និងស៊ីរីចំនួន១ម៉ឺនគ្រឿង និងផ្ទះចល័តដែលប្រើប្រាស់ក្នុងអំឡុងការប្រកួត World Cup ចុងក្រោយ។ ផ្ទះចល័តទាំងនេះនឹងត្រូវបានប្រើជាជម្រកបណ្តោះអាសន្នសម្រាប់អ្នកស្រុកដែលបានបាត់បង់ផ្ទះបន្ទាប់ពីការរញ្ជួយដី។
មន្ត្រីកាតារបាននិយាយថា “ដោយសារតម្រូវការបន្ទាន់របស់ប្រជាជនទួរគី និងស៊ីរី យើងបានសម្រេចចិត្តផ្លាស់ប្តូរ ‘បន្ទប់កុងតឺន័រ’ និងផ្ទះចល័តរបស់យើងទៅកាន់តំបន់រងគ្រោះដោយការរញ្ជួយដី។ ការដឹកជញ្ជូនលើកដំបូងនឹងចាកចេញពីកំពង់ផែទីក្រុងដូហានៅថ្ងៃទី ១៣ ខែកុម្ភៈ ការដឹកជញ្ជូននឹងបន្តនៅថ្ងៃបន្ទាប់”។
ប្រជាជនទួរគី និងស៊ីរីកំពុងត្រូវការលំនៅឋានយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអគាររាប់ពាន់ត្រូវបានបំផ្លាញនៅក្នុងការរញ្ជួយដីនាពេលថ្មីៗនេះ និងផ្ទះរាប់ម៉ឺនខ្នងទៀតត្រូវការជួសជុល មុនពេលពួកវាអាចប្រើប្រាស់ឡើងវិញបាន។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ផងដែរ អធិរាជនៃប្រទេសកាតារSheikh Tamim bin Hamad Al-Thani បានបំពេញទស្សនកិច្ចនៅប្រទេសទួរគី និងបានជួបពិភាក្សាជាមួយប្រធានាធិបតី Recep Tayyip Erdogan។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធីដែលទីក្រុងដូហាអាចជួយ “កាត់បន្ថយផលវិបាកនៃគ្រោះមហន្តរាយរញ្ជួយដី”។ គិតត្រឹមពេលនេះ កាតារមានក្រុមជួយសង្គ្រោះធំបំផុតមួយក្នុងប្រទេសទួរគី ដែលមានមនុស្សប្រហែល ១៣០នាក់។ ក្រៅពីនេះ ទីក្រុង Doha ក៏បានបញ្ជូនជំនួយប្រមាណ ១០០តោនទៅទួរគីផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖