ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលអង្ករចំនួន២០០តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ត្រូវបានលោកទូច សំណាង អគ្គនាយករងក្រុមហ៊ុនOCIC នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដរួមចំណែក ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើង នារសៀលថ្ងៃទី១៣ កុម្ភៈឆ្នាំ ២០២៣ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកទូច សំណាង តំណាងឱ្យអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយ ដែលបានផ្តល់នូវ អង្ករ ចំនួន២០០តោននេះ ដើម្បី រួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពល រដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបន្តថា៖ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាស្តែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយឈរលើ ស្មារតីសាមគ្គី និងជួយទំនុកបម្រុងគ្នាក្នុងគ្រាលំបាក តាមរយៈការឧបត្ថម្ភគ្រឿងបរិភោគជាអង្ករនេះ ។ កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំង រាជធានីភ្នំពេញផងដែរ៕
ដោយ ៖ សំរិត