ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ដឹងការណ៍ពិតហើយករណីក្មេងស្រីជនជាតិចិនអាយុ៣ឆ្នាំបានធ្លាក់ពីអគារជាន់ទី៧បណ្តាលឱ្យស្លាប់នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានបញ្ជាក់ប្រាប់អង្គភាពយើងនៅរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣នេះថា ករណីក្មេងស្រីជនជាតិចិនអាយុ៣ឆ្នាំបានធ្លាក់ពីអគារជាន់ទី៧បណ្តាលឱ្យស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យនោះមូលហេតុគឺដោយសារតែម្តាយទុកគាត់នៅក្នុងបន្ទប់តែម្នាក់ឯង ហើយម្តាយចុះមកទិញបាយនៅជាន់ខាងក្រោម។

    ប្រភពពីមន្ត្រីនគរបាលដដែលបានឱ្យដឹងបន្ថែមទៀតថា ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើការសាកសួរម្តាយក្មេងស្រីរងគ្រោះរួចមកទើបបានព័ត៌មានពិតប្រាកដ។ នៅមុនពេលកើតហេតុរូបគាត់ជាម្តាយបានចុះមកខាងក្រោមដើម្បីទិញបាយហូប(យកបាយកុម្មង់)ហើយបានទុកកូនតូចនៅក្នុងបន្ទប់តែម្នាក់ឯងដោយពុំបានបិទបង្អួចកញ្ចក់បន្ទប់ទឹកដូច្នេះហើយទើបធ្វើឱ្យក្មេងស្រីរងគ្រោះអាចដើរឡើងលើចានបង្គន់ហើយអាចនឹងធ្លាក់តាមបង្អួចនោះតែម្តង។ លោកបន្តថាបច្ចុប្បន្នសពក្មេងស្រីរងគ្រោះកំពុងតម្កល់នៅវត្តទឹកថ្លាដើម្បីរង់ចាំប្រគល់ឱ្យម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី។

   សូមបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី​ថ្ងៃត្រង់​ ថ្ងៃចន្ទ​ ទី១៣​ ខែកុម្ភៈ ឆ្នាំ២០២៣​ ស្ថិតនៅអគារខុនដូជាន់ទី៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

IMG_7167

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖