ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែទៀតនៅតាមបណ្តោយផ្លូវរថភ្លើងចាប់ពីអាកាស យានដ្ឋានអន្ដរជាតិភ្នំពេញមកក្រោយសាលាតិចណូក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ។
នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈ លោកទទួលជួបពិភាក្សាការងារជាមួយលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេសបញ្ហាកកស្ទះចរាចរណ៍និងបញ្ហាសំរាមជាដើម ។ ចំពោះបញ្ហាកកស្ទះចរាចរណ៍ លោកឃួង ស្រេងបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសាធារណការពេលនេះបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត ស្របតាមបណ្ដោយផ្លូវរថភ្លើង ដោយចាប់ពីព្រលានយន្តហោះភ្នំពេញ រហូតមកដល់ក្រោយសាលាតិចណូ ខណ្ឌទួលគោក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី។
កំណាត់ផ្លូវមួយខ្សែដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីក្រសួងសាធារណការម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជំងឺcovid – 19 ។ ប៉ុន្តែសម្រាប់ពេលនេះ យើងបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។
លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា លោកពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ខណៈដែលលោកមកដល់រាជធានីភ្នំពេញកាលពីជាង១ឆ្នាំមុននេះ លោកឃើញមានអគារខ្ពស់ៗជាង៣ពាន់អគារ ។ ក្នុងនាមក្រុមហ៊ុនមួយ លោកពិតជារីករាយចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។
លោកបន្តថា យើងបានជួបបញ្ហាប្រឈមដូចគ្នាទាំងនៅលើពិភពលោកក៏ដូចជានៅកម្ពុជាពាក់ព័ន្ធនឹងជំងឺ covid -19។ តែទោះបីជាយ៉ាងណាក្តី បញ្ហាប្រឈមនេះបានវិលត្រឡប់មកល្អជាធម្មតាវិញហើយ ក្រោយពីបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការឡើងវិញ ។
ចំពោះជើងហោះហើរក៏បានកើនឡើងជាបន្តបន្ទាប់។ បន្ថែមពីនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក៏បានជំរុញការងារហោះហើរឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ ។
ក្នុងឱកាសនោះដែរ ចំពោះការស្នើឡើងរបស់ក្រុមហ៊ុនឱ្យមានការសហការគ្នារវាង រាជធានីភ្នំពេញជុំវិញការកែសម្រួលនូវស្លាកសញ្ញាភ្លើងបញ្ជាចរាចរណ៍មួយចំនួននៅមុខអាកាសយានដ្ឋានភ្នំពេញ លោកឃួង ស្រេងក៏បានឯកភាព ដោយបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាសម្រួលភ្លើងចរាចរណ៍នៅមុខអាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញនេះឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ ៕
ដោយ៖ សំរិត