ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីនបញ្ជាក់ទៅកាន់លោក វ៉ាង យី ថា ទំនាក់ទំនងរុស្ស៉ី-ចិន មានសារៈសំខាន់ជាខ្លាំង

ចែករំលែក៖

សារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា ប្រធានាថិបតីពូទីន បានស្វាគមន៍មន្ត្រីការទូតជាន់ខ្ពស់របស់ចិន គឺលោកវ៉ាង យី នៅវិមានក្រឹមឡាំង។

លោកពូទីនបានបញ្ជាក់ប្រាប់លោកវ៉ាង យី ថា ទំនាក់ទំនងរវាងរុស្សុីនឹងចិនល្អជាងពេលណាទាំងអស់ ហើយវិស័យពាណិជ្ជកម្មនឹងឈានដល់២០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា អំឡុងជំនួបពិភាក្សាជាមួយមន្រ្តីការទូតជាន់ខ្ពស់បំផុតរបស់ចិន គឺលោក វ៉ាង យី (Wang Yi) កាលពីថ្ងៃពុធសប្តាហ៍នេះ នៅឯវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំងនឹងទីក្រុងមូស្គូ មានសារសំខាន់ជាខ្លាំងដើម្បីរក្សាស្ថិរភាពនៃស្ថានការណ៍អន្តរជាតិ។
លោក ពូទីន បាននិយាយក្នុងជំនួបជាមួយលោក វ៉ាង យ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការរវាងចិន
នឹងរុស្ស៉ីលើឆាកអន្តរជាតិ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរក្សាស្ថិរភាពស្ថានការណ៍អន្តរជាតិ»។ ចំណែកលោក វ៉ាង វិញ បានប្រាប់លោក ពូទីន ថា «ដោយរួមគ្នាជាមួយភាគីរុស្ស៉ី យើងត្រៀមលក្ខណៈជាស្រេច ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត ក៏ដូចជាកិច្ចសហប្រតិបត្តិការស៉ីជម្រៅរបស់យើងបន្ថែមទៀត»។ លោក វ៉ាង យី នៅតែប្រកាន់ជំហរថា ភាពជាដៃគូរវាងប្រទេសទាំងពីរ មិនមានគោលដៅប្រឆាំងនឹងប្រទេសទី៣ណាមួយនោះទេ ហើយមិនចុះញ៉មចំពោះការដាក់សម្ពាធពីខាងក្រៅឡើយ។ មុនជួបលោក ពូទីន លោក វ៉ាង ក៏បានជួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅប្រទេសរុស្ស៉ីកើតមានឡើង ស្របពេលដែលចិនកំពុងព្យាយាមដើរតួនាទីជាអ្នកសម្រុះសម្រួលជម្លោះ ហើយត្រូវគេរំពឹងថានឹងបង្ហាញចេញនូវដំណោះស្រាយផ្នែកនយោបាយរបស់ខ្លួនសម្រាប់វិបត្តិសង្រ្គាមអ៊ុយក្រែនក្នុងសប្តាហ៍នេះ។ ទីក្រុងប៉េកាំងបានប្រកាន់គោលជំហរមួយដែលមានលក្ខណៈអព្យាក្រឹត ហើយទន្ទឹមគ្នានោះអាចរក្សានូវចំណងទាក់ទងយ៉ាងជិតស្និទ្ធដដែលជាមួយទីក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្ត។ ទោះជាយ៉ាងណាក្តី ទីក្រុងវ៉ាស៉ីនតោននិងអង្គការណាតូ (NATO) បានបង្ហាញក្តីបារម្ភថា ចិនប្រហែលជាកំពុងត្រៀមបញ្ជូនអាវុធជួយរុស្ស៉ី បើទោះបីជាទីក្រុងប៉េកាំងបានបដិសេធក៏ដោយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Sputnik


ចែករំលែក៖