ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសារាចរ ស្ដីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តតាមស្មារតីអនុក្រឹត្យលេខ៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ ជាតិ និងស្របតាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌” រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំពិធីប្រារព្ធ“ទិវាវប្បធម៌ជាតិ- នៃព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ ក្រោយ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណង ធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹង ជា អត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ដោយ បន្តរក្សាប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេន បានចូលរួមសកម្មភាពអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ដូចជា៖

ជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍវប្បធម៌ ជាតិ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរលើកកម្ពស់មនសិការនិងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេស សិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស

– បង្កើនការយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារនិងកាលានុវត្តភាពសម្រាប់ទាញយកប្រាក់ចំណូល ដើម្បី រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវានិងផលិតផលវប្បធម៌ ក្នុងគោលដៅ ពាណិជ្ជកម្មនិងទេសចរណ៍

– ជំរុញប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនឱ្យខិតខំបង្កើតនិងបង្កើនស្នាដៃវប្បធម៌ថ្មីៗ ឱ្យកាន់តែមានភាពច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់ សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ នេះ អាចប្រព្រឹត្តទៅដោយរលូន រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការណែនាំដូចតទៅ៖

១- ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ គឺត្រូវបានកំណត់យករយៈពេល២ សប្ដាហ៍ (១សប្ដាហ៍មុន និង១សប្ដាហ៍ក្រោយ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣)។ ដូច្នេះ ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យលទ្ធភាពរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវា វប្បធម៌ជាតិ ៣មីនា លើកទី២៥ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្ដាញសង្គម ទៅតាមពេល វេលាសមរម្យណាមួយ នៅក្នុងអំឡុងពេលដែលបានកំណត់នេះ។

២- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនាផ្សព្វផ្សាយ សម្រាប់ទិវាវប្បធម៌ជាតិ ៣មីនា ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក និងគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយ សមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកនិងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បី ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ត្រូវសហការជាមួយបណ្តាក្រសួងស្ថាប័ន អាជ្ញាធរដែនដី អង្គការ សមាគម សហគមន៍ និងវិស័យ ឯកជន ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំ ទូលាយនៅក្នុងអំឡុងពេលនេះផងដែរ។

៣- ក្រសួងព័ត៌មាន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា ឱ្យបានទូលំទូលាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយជាតិនិងឯកជន រួមមាន : វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី និងឯកសារ ពាក់ព័ន្ធ ដើម្បីបំផុសឱ្យសាធារណជនបានយល់ដឹង ព្រមទាំងចូលរួមឱ្យកាន់តែសកម្មឡើងនៅក្នុង ការថែរក្សានិងលើកស្ទួយវប្បធម៌ជាតិ សីលធម៌សង្គម និងសុខដុមនីយកម្មសង្គម ដោយមិនមាន ការរើសអើងផ្នែកនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។

៤- ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្សនិស្សិត នៅគ្រប់គ្រឹះស្ថានសិក្សាអប់រំរដ្ឋនិងឯកជន។ 

៥- ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិង

អន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ

ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។

៦- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថានអគ្គ កុងស៊ុល ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរនៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីនិងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា ទាំងនៅ ទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗដែលមាន។

៧- ក្រសួងធម្មការនិងសាសនា ត្រូវបំផុសចលនាព្រះសង្ឃ និងគ្រប់សាសនិក ឱ្យរៀបចំកម្មវិធី និង សកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា នៅតាមទីអារាម វិហារសាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ។

៨- ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវមានផែនការណែនាំទៅមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

៩- រដ្ឋបាលរាជធានី-ខេត្ត ត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអាចរៀបចំ កម្មវិធីនិងសកម្មភាពផ្សព្វផ្សាយផ្សេងៗនៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់រំមហាជន ជា ពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សាការពារលើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចងបដាពាក្យស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយ វប្បធម៌នៅតាមទីតាំងសំខាន់ៗក្នុងដែនរដ្ឋបាលរាជធានី-ខេត្តរបស់ខ្លួន។

១០- គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលដែនដី សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាន និងសហគមន៍ខ្មែរ នៅបរទេស ត្រូវចូលរួមប្រារព្ធនិងអបអរទិវាវប្បធម៌ជាតិ ៣មីនា តាមមធ្យោបាយផ្សេងៗដែលមាន ដូចជាការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬសកម្មភាព សមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។

១១- អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣មីនា ត្រូវស្លៀកពាក់តាមបែបប្រពៃណីជាតិ។

ទទួលបានសារាចរនេះ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសរដ្ឋ និងឯកជន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖