ព័ត៌មានទាន់ហេតុការណ៍៖

លោក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញ ចុះពិនិត្យស្ថានភាពការងារកសិកម្ម និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញ ចុះពិនិត្យស្ថានភាពការងារកសិកម្ម និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែកនាព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០២៣។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកស៊ូ ម៉ុល អភិបាលស្រុក លោក ទីប្រឹក្សាក្រសួង លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុក លោកស្រីមេឃុំលោកមេប៉ុស្តិ៍និងក្រុមការងារដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។

បន្ទាប់ពីចុះពិនិត្យស្ថានភាពការងារកសិកម្ម និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយក្នុងឃុំអណ្ដូងត្របែក រួចមកលោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៏ថាក្រោយពីការជីកប្រឡាយរួចជាស្ថាពរគឺយើងបានផ្ដល់ផលប្រយោជន៍ចំនួន៣ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះរួមមាន ៖

ទី១. បានប្រឡាយបង្ហូរទឹកនិងរំដោះទឹកដោយលែងមានការជន់លិចនៅរដូវវស្សានៅក្នុងតំបន់ផ្ទះ៤០០ខ្នងរបស់បងប្អូនអតីតយុទ្ធជន។

ទី២. គឺយើងបានផ្លូវមួយដ៏ល្អដែលពីមុនគឺមិនដែលមាននោះទេប៉ុន្តែបច្ចប្បន្នក្លាយជាផ្លូវដែលមានទំហំ៧ម៉ែត្រជាខ្នងអណ្ដើកនិងកិនបង្ហាប់ឱ្យស្អាតសម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឆ្លងកាត់។

ទី៣. គឺយើងបានទឹកដើម្បីស្រោចស្រប់ប្រើប្រាស់ទឹកប្រឡាយបានទាំងអស់គ្នាដូចនេះហើយផលប្រយោជន៍ដែលយើងទទួលបានក្នុងការជីកប្រឡាយហើយជាស្ថាពរ។

លោកបន្តថាយើងក៏បានដោះស្រាយបញ្ហាទំនាស់រាំរ៉ៃនាពេលកន្លងមកដែលអាជ្ញាធរខេត្តកំពុងសម្របសម្រួលនិងដោះស្រាយដោយសារតែបងប្អូនប្រជាពលរដ្ឋបានចាប់យកដីរបស់រដ្ឋក្នុងតំបន់នេះ ប៉ុន្តែដោយសារតែយើងបានជីកប្រឡាយជាព្រំដីរបស់រដ្ឋត្រូវបានបញ្ចប់ទំនាស់ផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖