ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាមានភាពចាំបាច់ ត្រូវការទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើនជំនាញ, បង្កើនការងារដែលមាន ប្រាក់ឈ្នួលសមរម្យ, ស្តង់ដារការងារល្អ, មានតម្លៃបន្ថែមខ្ពស់ និងជំរុញការធ្វើពិពិធកម្មក្នុងសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគបៃតង ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា។
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានលើកឡើងបន្ថែមថា៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Sebastian Eckardt មន្រ្តីជាន់ខ្ពស់ WB ទទួលបន្ទុកកិច្ចការម៉ាក្រូសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងលោកស្រី Maryam Salim នាយិកាគ្រប់គ្រងWB ប្រចាំកម្ពុជា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះថា៖ កំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ ត្រូវបានព្យាការថា អាចនឹងសម្រេចបានក្នុងអត្រាខ្ពស់ជាងរំពឹងទុកកាលពីពេលកន្លងទៅ ក្នុងអត្រា ៥,៦% ហើយការព្យាករណ៍នេះ ក៏មានកម្រិតប្រហាក់ប្រហែលទៅនឹងការវាយតម្លៃចុងក្រោយរបស់ដៃគូអភិវឌ្ឍន៍នានាផងដែរ។
កំណើននេះ ដោយសារការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម ត្រូវបានរំពឹងថា នឹងបន្តមានកំណើន ល្អ ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់ ជាពិសេសតម្រូវការពីទីផ្សារចិន ដែលទើបតែបានបើកប្រទេសឡើងវិញ និងអាចបំពេញបន្ថែមការនាំ ចេញផលិតផលកាត់ដេរ ដែលមាននិន្នាការថមថយ។
លោករដ្ឋលេខាធិការរូបនេះ បានបន្តថា ជាទស្សនវិស័យ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ, កម្ពុជាមានភាពចាំបាច់ក្នុងការទាក់ ទាញ នូវការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើនជំនាញ, បង្កើនការងារដែលមានប្រាក់ឈ្នូលសមរម្យ, ស្តងដារការងារល្អ, មានតម្លៃបន្ថែមខ្ពស់ និងជំរុញការធ្វើពិពិធកម្មក្នុងសេដ្ឋកិច្ច ។
កន្លងមក កម្ពុជាបានធ្វើកិច្ចការនេះជាច្រើនរួចមកហើយ ដូចជាការអនុវត្តច្បាប់វិនិយោគថ្មីជាដើម។ ទន្ទឹមនេះ ការដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាង លាងលុយកខ្វក់ ដោយអង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ក៏នឹងជួយទាក់ទាញការវិនិយោគ ពីក្រៅប្រទេសបន្ថែមទៀតផងដែរ ហើយកម្ពុជានៅមានលំហរច្រើននៅឡើយ ដើម្បីជំរុញការអនុវត្តសកម្មភាព ឱ្យបានល្អជាងនេះ ដើម្បីអាចទាក់ទាញការវិនិយោគពីក្រៅ ដែលមានគុណភាពឱ្យបានច្រើន ពិសេសនៅក្នុងការបរិការណ៍ការផ្លាស់ប្តូទីតាំងវិនិយោគ ក្នុងតំបន់៕
ដោយ៖សហការី