ព័ត៌មានទាន់ហេតុការណ៍៖

លោក នួន ផារ័ត្ន ជំរុញឱ្យគណៈនាយកសាលានីមួយៗ ត្រូវលុបបំបាត់ក្មេងទំនើងនៅក្នុងសាលា និងជំរុញឱ្យលោកគ្រូ អ្នកគ្រូ ប្រកាន់ភ្ជាប់ក្រមសីលធម៌ជាគ្រូបង្រៀនឱ្យសាកសមជាមាតាទី២របស់សិស្សានុសិស្ស

ចែករំលែក៖

ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាល រងតំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការលុបបំបាត់នៅក្មេងទំនើងនៅក្នុងសាលារៀន និងជំរុញឲ្យ លោកគ្រូ អ្នកគ្រូ ប្រកាន់ភ្ជាប់ក្រមសីលធម៌ជាគ្រូបង្រៀនឲ្យសាកសម ជាមាតាទី២របស់សិស្សានុសិស្ស ។ 

   ការជំរុញបែបនេះ របស់លោក នួន ផារ័ត្ន បានធ្វើឡើង កាលពីព្រឹកថ្ងៃទី ០៣ មីនា  ឆ្នាំ២០២៣ ខណៈ លោកអញ្ជើញជាអធិបតីភាព តំណាងឱ្យលោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបិទសន្និបាតបូក សរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២១-២០២២និងលើកទិសដៅការងារឆ្នាំសិក្សា២០២២-២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

   លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ អង្គសន្និបាតនេះធ្វើឡើង ដើម្បីបន្តការកែទម្រង់វិស័យអប់រំឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។វិស័យអប់រំបើទោះបីជាក្នុងដំណាក់កាល រីករាលដាលជម្ងឺcovid-19  យ៉ាងណាក៏ដោយ ក៏វិស័យនេះនៅតែដំណើរការ ។ មន្ទីរអប់រំបានបំពេញការងារលើវិស័យអប់រំនេះ បានយ៉ាងល្អប្រសើរ ឆ្លើយតបទៅនឹងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡាក៏ដូចជាផែនការអប់រំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឡើងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ឈានទៅលុបបំបាត់ភាពអក្ខរកម្មអោយអស់នៅរាជធានីភ្នំពេញ។

   លោកបានបន្តទៀតថា៖ នៅសល់តែ៦៣ថ្ងៃទៀត ប៉ុណ្ណោះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣។ដូច្នេះទេ សម្រាប់សិស្សានុសិស្ស ត្រូវខិតខំហ្វឹកហាត់ដើម្បីឈានទៅដណ្ដើមយកជ័យជំនះក្នុងការប្រកួតកីឡាស៊ីហ្គាមនេះ ព្រោះជាមុខមាត់របស់ប្រទេសជាតិយើង ។ មន្ទីរអប់រំត្រូវលុបបំបាត់ក្មេងទំនើងនៅក្នុងសាលារៀន ពង្រឹងវិស័យអប់រំ ដោយរកវិធីសាស្រ្តកុំឲ្យសិស្សបោះបង់ការសិក្សានិងយុទ្ធនាការប្រឡងប្រណាំង។

   លោក ហែម ស៊ីណារ៉ត ប្រធាន មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងរយៈពេលមួយថ្ងៃកន្លះនេះ អង្គសន្និបាត បានដំណើរការពិភាក្សារួមគ្នាលើសេចក្តីព្រាង របាយការណ៍ ទិសដៅ និងពិភាក្សាប្រធាន បទសំខាន់ៗ ចំនួន៨ ទៅតាមអនុវិស័យទាំង៦ រួមមាន ៖អនុវិស័យ ការអប់រំកុមារតូច អនុវិស័យ ការអប់រំបឋមសិក្សា អនុវិស័យ ការអប់រំ មធ្យមសិក្សានិងបច្ចេកទេស អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ អនុវិស័យ ការអភិវឌ្ឍយុវជន និងអនុវិស័យ ការអប់រំកាយ និងកីឡា គឺជាវេទិកាដ៏សំខាន់បំផុតសម្រាប់ឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើក ទូលាយជូនមន្ត្រីគ្រប់គ្រង អប់រំគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្តល់យោបល់ផងដែរ ៕

ដោយ៖ សំរិត


ចែករំលែក៖