ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗជាច្រើនដែលថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ និងសរសើរដល់វិភាគទានដ៏សំខាន់ដែលបានចូលរួមចំណែកពីស្ថាប័នអង្គភាពពាក់ព័ន្ធ បានចូលរួមចំណែកក្នុងការធ្វើឲ្យឆ្នាំ២០២២ ក្លាយជាឆ្នាំជោគជ័យក្នុងការងារទូតរបស់កម្ពុជាយើង។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាអង្គសន្និបាតបានពិនិត្យពិភាក្សាអំពីសភាពការណ៍តំបន់ និងពិភពលោក វិភាគនិងវាយតម្លៃអំពីឥទ្ធិពលនិងផលប៉ះពាល់ នៃការប្រែប្រួលដ៏ជ្រាលជ្រៅ និងស្មុគស្មាញខាងភូមិសាស្ត្រនយោបាយ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចមកលើតំបន់ និងប្រទេសកម្ពុជាយើង ដោយបានពិចារណា និងរិះរកជំរុញការកែទម្រង់ស្ថាប័នបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពការការងារ។
សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថាឆ្នាំ២០២២ គឺជាឆ្នាំមិនធម្មតាសម្រាប់សមរភូមិកាទូតរបស់យើង គឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងខណ:ដែលមានការប្រឈមធំៗ ស្មុគស្មាញ និងច្រើនបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិនៃសហគមន៍តំបន់យើងនេះ។ទោះបីកម្ពុជាបានគ្រប់គ្រងដោយជោគជ័យនៃជម្ងឺរាតត្បាតនូវជំងឺកូវីដ-១៩ និងបើកប្រទេសឡើងវិញហើយក៏ដោយ ប៉ុន្តែលេចឡើងនូវបរិបទថ្មីៗនៅបន្តដាក់សម្ពាធធ្ងន់ធ្ងរ លើវិស័យសុខាភិបាលសាធារណៈ ការប្រកួតប្រជែងរវាងមហាអំណាចធំបំផុតទាំង២កាន់តែមានលក្ខណៈអួអាប់ស្មុគស្មាញឡើងទៀតកាន់តែច្រើនបង្កជាសម្ពាធកាន់តែធ្ងន់ធ្ងរមកលើប្រទេសនានាក្នុងតំបន់ ពិសេសមកលើកម្ពុជាយើង។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា វិបត្តិនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងមនុស្សធម៌នៅមីយ៉ាន់ម៉ា នៅជាបញ្ហាសម្រាប់អាស៊ានហើយបន្ទុកនៃការជួយស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនេះបានធ្លាក់មកលើកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ស្ថានការណ៍នៅឧបទ្វីបកូរ៉េបន្តធ្លាក់ចុះដុនដាបដោយសារការបាញ់សាកល្បងមីស៊ីលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិកូរ៉េខាងជើង។ ក្នុងពេលសភាពការណ៍នៅសមុទ្រចិនខាងត្បូងរក្សាបានភាពស្ងប់ស្ងៀមបង្គួរ បញ្ហាតៃវ៉ាន់បានក្លាយទៅជាចំណុចក្តៅក្នុងទំនាក់ទំនងចិន-អាមេរិក ពិសេសបន្ទាប់ពីទស្សនកិច្ចរបស់ប្រធានសភាអាមេរិកដែលកើតឡើងចំថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងភ្នំពេញ។ ប៉ុន្តែរឿងដ៏រន្ធត់ផ្នែកសណ្តាប់ធ្នាប់អន្តរជាតិ ការធ្វើសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែនដែលមកដល់ពេលនេះបានបង្កឲ្យទាហាននិងជនស៊ីវិលរាប់ម៉ឺននាក់ស្លាប់ រាប់លាននាក់ភៀសខ្លួនហើយហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងនិងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់ត្រូវបានបំផ្លាញ។
ព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ខាងលើពិតជាបានជះឥទ្ធិពលផ្ទាល់ឬប្រយោលមកលើកម្ពុជាយើងបង្ករជាសម្ពាធធ្ងន់ធ្ងរមកលើអធិបតេយ្យ ឯករាជ្យភាព អព្យាក្រឹត្យភាពនិងការសម្រេចចិត្តនានាខាងនយោបាយរបស់យើងទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ។ ប៉ុន្តែដោយសារការប្រកាន់ខ្ជាប់គោលនយោបាយការបរទេសមួយដែលឯករាជ្យផ្អែកលើច្បាប់ផ្អែកលើផលប្រយោជន៍ស្នូលរបស់ជាតិនិងប្រជាជនយើង យើងបានប្រែក្លាយការប្រឈមឲ្យទៅជាកាលានុវត្តភាពនិងបានបង្ហាញឲ្យឃើញសុឆន្ទៈយ៉ាងពិតប្រាកដក្នុងការគោរពច្បាប់គោលបំណងនិងគោលការណ៍ទាំងឡាយនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។នៅក្នុងឱកាសគម្រប់ខួបមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែនប្រទេសចិនបានដើរតួនាទីឈានមុខមួយក្នុងការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងសំណើដែលមាន ១២ចំណុច ។ កម្ពុជាគាំទ្រសំណើរ១២ ចំណុចរបស់ប្រទេសចិនដោយសារសំណើរបស់ប្រទេសចិនចែងអំពីការគោរពច្បាប់អន្តរជាតិគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិដែលជាវិធានសម្រាប់ទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យ ដូចជាអធិបតេយ្យភាព បូរណភាពដែនដីនិងឯករាជ្យភាព។
សំណើខាងលើបានអំពាវនាវឲ្យបញ្ឈប់ភាពប្រទូសរ៉ាយផ្នែកយោធាហើយសម្ដេចក៏បានគូសបញ្ជាក់ថាតាមបទពិសោធន៍សង្គ្រាមគឺជាមធ្យោបាយដ៏អាក្រក់បំផុតសម្រាប់បញ្ចប់ឯបទឈប់បាញ់គឺជាមធ្យោបាយល្អបំផុតដើម្បីឈានទៅបញ្ចប់សង្គ្រាម។សំណើរនេះក៏បានអំពាវនាឲ្យមានកិច្ចសន្ទនាសន្តិភាពនិងបញ្ឈប់ទណ្ឌកម្មជាឯកតោភាគីផងដែរ។
សម្ដេចតេជោបន្តទៀតថា គោលការណ៍ខាងលើស្របគ្នាជាមួយនឹងជំហររបស់កម្ពុជាបន្ថែមលើនេះសំណើរបស់ចិនក៏បានផ្ដោតលើទិដ្ឋភាពមនុស្សធម៌សន្តិសុខស្បៀងនិងស្ថាបនាឡើងវិញក្រោយជម្លោះ។កម្ពុជាអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាដ៏យកចិត្តទុកដាក់ចំពោះសំណើររបស់ចិនដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាបញ្ចប់ការឈឺចាប់របស់ប្រជាជន និងការបំផ្លិចផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ និងនាំត្រឡប់មកវិញនូវសន្តិភាព៕
ដោយ ៖ សិលា