ខេត្តបាត់ដំបង ៖ កាលពីយប់ថ្ងៃទី០៨ មីនា ឆ្នាំ២០២៣នេះ នារីប្រកបរបរម៉ាស្សាម្នាក់ត្រូវចោរប្រើកាំបិតភ្ជង់ប្លន់យកទូរស័ព្ទ និងប្រាក់មួយចំនួនដល់ក្នុងបន្ទប់ រួចគេចខ្លួនដោយសុវត្ថិភាព នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលគេសង្ស័យជាមុខសញ្ញាដដែលៗ ដែលធ្លាប់ប្រើកាំបិតភ្ជង់ប្លន់នារី០២នាក់នៅក្បែរនោះ កាលពីសប្ដាហ៍មុននេះ ។
ជនរងគ្រោះឈ្មោះ ហៀប ស្រីយ៉ា ភេទស្រី អាយុ២៧ឆ្នាំ មានមុខរបរម៉ាស្សានៅចំណុចកើតហេតុនេះ ។
នារីរងគ្រោះ ត្រូវជនមិនស្គាល់មុខជិះម៉ូតូម៉ាក Zoomer ចូលទៅដល់បន្ទប់ម៉ាស្សាហើយដកកាំបិតគំរាមភ្ជង់ប្លន់យកទូរស័ព្ទ និងប្រាក់មួយចំនួន រួចជិះគេចខ្លួនដោយសុវត្ថិភាព មុនពេលសមត្ថកិច្ចទៅដល់ ។
នារីរងគ្រោះបាននិយាយថា នៅយប់កើតហេតុគាត់មិនបានបើកទ្វារទទួលភ្ញៀវទេ ស្រាប់តែជនមិនស្គាល់មុខនោះជិះម៉ូតូទៅឈប់ខាងមុខ រួចគោះទ្វារហៅគាត់ឱ្យម៉ាស្សា ។ លុះពេលគាត់បើកទ្វារមិនទាន់បាននិយាយស្រួលបួលផង ស្រាប់តែដកកាំបិតភ្ជង់រុញគាត់ចូលទៅខាងក្នុងបន្ទប់ រួចប្លន់យកទូរស័ព្ទមួយគ្រឿង និងប្រាក់ចំនួន៧៥០០០រៀល។ ក្រោយពីប្លន់បានសម្រេច ជននោះក៏រត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។ សាក្សីបាននិយាយថា គេមិនបានឃើញជនសង្ស័យពីដំបូងទេ តែគេបានឃើញពេលជននោះរត់ចេញពីក្នុងផ្ទះជនរងគ្រោះឡើងជិះម៉ូតូក្រោយប្លន់បានសម្រេចជាមួយនឹងសម្រែកជនរងគ្រោះឱ្យជួយ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។
បើទោះជាបទល្មើសប្លន់នេះមិនធំដុំក្ដី តែអំពើប្លន់នេះនឹងធ្វើឱ្យប្រជាពលរដ្ឋរងាដេកមិនលក់ឡើយ ប្រសិនបើជនល្មើសនៅតែមានសេរីភាពនៅខាងក្រៅគុក។ គេរំពឹងថា អាជ្ញាធរមានសមត្ថកិច្ចខេត្តបាត់ដំបងនឹងចាប់ខ្លួនចោរប្លន់ទាំងនេះយកមកផ្ដន្ទាទោសបាននៅក្នុងពេលឆាប់ៗនេះ៕
ដោយ៖ សូរិយា