ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ចាត់ទុកភ្នាក់ងារសន្ដិសុខឯកជន ជាដៃគូសំខាន់ ក្នុងការរួមចំណែកការពារសណ្ដាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ចាត់ទុកថា ភ្នាក់ងារសន្ដិសុខឯកជន គឺជាដៃគូដ៏សំខាន់ ក្នុងការរួមចំណែកការពារសណ្ដាប់ធ្នាប់សាធារណៈ តាមរយៈការការពារតាមបុរី និងកន្លែងនានា ទោះបីពួកគាត់ជាវិស័យឯកជនក៏ដោយ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសន្ដិសុខឯកជន ដែលបានចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា «សន្ដិសុខឯកជន នោះក៏សំខាន់ដែរ ឥលូវនៅតាមបុរីជាដើម មានសុវត្ថិភាពដោយសារសន្ដិសុខឯកជន ប៉ុន្ដែគ្រាន់ថា មានលទ្ធភាពជាងប្រជាការពារ ដោយសារមានក្រុមហ៊ុនសន្ដិសុខឯកជន អញ្ចឹងក្រុមហ៊ុន បានទទួលចំណូលពីម្ចាស់ផ្ទះក្នុងបុរី»។

សម្ដេចក្រឡាហោម បានរំលឹកថា កន្លងទៅ នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីពង្រឹងកិច្ចការងារនេះ ហើយត្រូវបន្ដយកចិត្តទុកដាក់ផងដែរ។ សម្ដេច បន្ដថា ដើម្បីឱ្យភ្នាក់ងារសន្ដិសុខឯកជន មានសមត្ថភាពគ្រប់គ្រាន់នោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួយបណ្ដុះបណ្ដាលដល់ភ្នាក់ងារសន្ដិសុខឯកជន ព្រោះពួកគាត់មានភារៈកិច្ច ដើម្បីការពារកន្លែងនានា៕

ដោយ ៖ សហការី


ចែករំលែក៖