ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។ គិតត្រឹមព្រឹកនេះ ស្ថានការណ៍នៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ។ 

លោក ហ៊ុនម៉ានី មានប្រសាសន៍ថា, ចេញពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទូលព្រះបង្គំសូមលើកហត្ថបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រុំស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ សូមព្រះអង្គទាំងទ្វេទុកព្រះទ័យលើកូនចៅទាំងអស់គ្នាចុះ។ 

ឆ្លៀតឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងមានសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍ ៕

ដោយ ៖ សិលា


ចែករំលែក៖