ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា មិនសន្យាខ្យល់នោះទេ គឺធ្វើពិត ប្រជាជនទទួលបានផលជាក់ស្តែង ដូចបច្ចុប្បន្ន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា មនុស្សមួយចំនួន មិនហ៊ាននិយាយពីសន្តិភាពនោះទេ ដោយហេតុផលថាសន្តិភាពបានមកពីគណបក្សប្រជាជនកម្ពុជា អ្នកឯងនិយាយ ឬមិននិយាយ ក៏ប្រជាជនទាំងមូល ទទួលបានផលផ្លែផ្កាពីសុខសន្តិភាពរួចស្រេចទៅហើយ ក្នុងនោះក៏មានពួកអ្នកឯងផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបន្តថា បន្តិចទៀត ពួកគេដើរឃោសនាថា បោះឆ្នោតឱ្យគេទៅ គេនឹងធ្វើនេះ ធ្វើនោះឱ្យ ឥឡូវមានគណបក្សចំនួន២ ចាប់ផ្តើមដេញថ្លៃគ្នា រឿងលុយកាក ដោយចេញកម្មវិធីនយោបាយថា មនុស្សចាស់ឱ្យ២០ម៉ឺនរៀល រីឯបក្សមួយទៀត មនុស្សចាស់ឱ្យ ២៥ម៉ឺនរៀល មិនត្រឹមតែប៉ុន្នឹង ពួកគេដើរឃោសនាសន្យាថា បើបោះឆ្នោតឱ្យគេ គេនឹងឱ្យផ្ទះក្បឿង ទាំងដែលអ្នកសន្យាកំពុងនៅផ្ទះស្បូវសោះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា បក្សនយោបាយផ្សេងៗសន្យាអ្វី សន្យាទៅ តែគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល គឺអត់សន្យាបានទេ គឺធ្វើពិត ប្រជាជនទទួលបានផលប្រយោជន៍ជាក់ស្តែង ផលដំបូងគេគឹសន្តិភាព ដែលកាលពីមុន តំបន់ពោធិ៍សាត់ជាកន្លែងសមរភូមិប្រយុទ្ធបាញ់សម្លាប់មនុស្ស ឥឡូវនេះវិញ ជាតំបន់អភិវឌ្ឍមានប្រជាជនរស់នៅពេញ ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងមួយខែរដ្ឋាភិបាលកម្ពុជាបានបញ្ចេញលុយពី ៤០ ទៅ៥០លានដុល្លារដើម្បីគាំពារសង្គមជួយដល់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។ សម្ដេចបន្ថែមថាក្នុងរដូវការដេញថ្លៃរកការគាំទ្រពីពលរដ្ឋមានគណបក្សខ្លះបានសន្យាលើសពីអ្វីដែលខ្លួនអាចធ្វើបាន ដែលខុសពីគណបក្សប្រជាជន។

 សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «រឿងដែលគួរឱ្យអស់សំណើចត្រង់ថាអ្នកខ្លះនៅផ្ទះស្បូវទេតែពេលឃោសនាថានឹងធ្វើផ្ទះក្បឿងឱ្យ»។

នាយករដ្ឋមន្ត្រីដែលកាន់អំណាចជិត៤០ឆ្នាំនេះបានស្នើសុំការគាំទ្រពីពលរដ្ឋខេត្តពោធិ៍សាត់បន្តទៀតដើម្បីឱ្យគណបក្សប្រជាជនបន្តជាប់ឆ្នោតក្នុងអាណត្តិថ្មីបន្តទៀត៕

ដោយ ៖ សហការី


ចែករំលែក៖