ខេត្តព្រៃវែង ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីយប់ថ្ងៃទី១៣ មីនា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលដំរីស ក្នុងភូមិផ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ យុវតីម្នាក់បានរត់ត្រហេបត្រហបមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់តាកោ ឱ្យជួយអន្តរាគមន៍ ដោយសារត្រូវយុវជនម្នាក់ដែលស្គាល់គ្នាតាមហ្វេសប៊ុកបោកយកម៉ូតូទៅបាត់ ក្នុងពេលណាត់ជួបគ្នាជាលើកដំបូង។
យុវតីរងគ្រោះមានឈ្មោះ ណុប រតនា អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកជ្រៃលើ ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលជនល្មើសយកទៅបាត់នោះម៉ាកC-១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ FD-៨៤៨៣។
យុវតីរងគ្រោះបានឲ្យដឹងថា នាងនិងជនសង្ស័យអាយុប្រហែល១៨ឆ្នាំមិនស្គាល់ឈ្មោះនោះទេបានស្គាល់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុកជាង១អាទិត្យមកហើយ។ជនសង្ស័យបានទូរស័ព្ទមកលួងលោមហៅយុវតីរងគ្រោះឱ្យទៅញ៉ាំចំណីជាមួយរូបគេ ដោយឱ្យយុវតីរងគ្រោះជិះម៉ូតូទៅយករូបគេនៅចំណុចរង្វង់មូលស្វាយ អន្ទរ។
យុវតីរងគ្រោះបានបន្តថា ពេលទៅដល់ ជនសង្ស័យបានឡើងជិះម៉ូតូជាមួយនាងហើយដឹកនាងទៅញ៉ាំអីនៅចំណុចរង្វង់មូលដំរីស ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង។
ពេលហូបអីរួចជនរងគ្រោះបានឱ្យជនសង្ស័យដឹកនាងទៅធ្វើសក់ផាត់មុខនៅភូមិខ្នយ ផ្ទះធារ៉ាសាឡន រួច ជនសង្ស័យបានប្រាប់យុវតីរងគ្រោះថា រូបគេយកម៉ូតូទៅជួសជុលនៅរង្វង់មូលដំរីសវិញ ចាំធ្វើសក់រួច ចាំគេមកយកវិញ។
ប៉ុន្តែពេលយុវតីរងគ្រោះធ្វើសក់ផាត់មុខរួច ចាំយូរពេកមិនឃើញជនសង្ស័យទៅយក នាងក៏ទូរស័ព្ទទៅជន សង្ស័យដែរ តែមិនចូល ទើបដឹងថាចាញ់បោកគេ។ ទើបនាងយំសស្រេកសស្រាក់រត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាកោឲ្យជួយអន្តរាគមន៍ នៅវេលាម៉ោង៧យប់ថ្ងៃដដែល ប៉ុន្តែអ្វីៗគឺហួសពេលទៅហើយ សមត្ថកិច្ចបានត្រឹមតែស្រាវជ្រាវតាមរយៈអាខោនហ្វេសប៊ុក និងលេខទូរស័ព្ទដែលទាក់ទងគ្នាប៉ុណ្ណោះ ៕
ដោយ៖ សូរិយា