រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីថៃ លោក Thanakorn Wangboonkongchana នៅថ្ងៃនេះ (១៤ មីនា) បាននិយាយថា នាយករដ្ឋមន្ត្រី Prayuth Chan-o-cha នឹងប្រកាសរំលាយសភាតំណាងរាស្រ្តនៅថ្ងៃទី២០ ខែមីនា។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីធ្វើឡើងនៅថ្ងៃនេះ លោក ថាណាកន បាននិយាយថា នេះទំនងជាកិច្ចប្រជុំចុងក្រោយក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលមានសមត្ថភាពពេញលេញ។ នាពេលខាងមុខ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាប់នឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលបណ្តោះអាសន្ន។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ជាថ្មីនូវសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី Prayuth បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ៧ ខែមីនា។ ដូច្នេះហើយ លោក ប្រាយុទ្ធ បាននិយាយថា លោកនឹងរំលាយសភាតំណាងរាស្រ្ត បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានធ្វើឡើងនៅថ្ងៃនេះ។
កន្លងមកនាយករដ្ឋមន្ត្រីថៃធ្លាប់បានប្រកាសម្តងហើយម្តងទៀតថា លោកនឹងរំលាយសភាតំណាងរាស្រ្តក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យគណបក្សនយោបាយ អ្នកនយោបាយ និងតំណាងរាស្ត្រមានលក្ខខណ្ឌអំណោយផលសម្រាប់រៀបចំការបោះឆ្នោតទូទៅ។
យោងតាមច្បាប់របស់ប្រទេសថៃ ក្នុងករណីដែលសភាតំណាងរាស្រ្តត្រូវរំលាយនៅថ្ងៃទី ២០ ខែមីនា ពេលវេលារៀបចំការបោះឆ្នោតសកលឆ្នាំ ២០២៣ ទំនងជានឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា ដូចដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេសថៃបានគ្រោងទុកមុនឬក្រោយ ១សប្តាហ៍គឺខែឧសភា ៕
ដោយ៖ធីរីណា(រូបថត៖ thaigov)