ខេត្តកណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល រួមជាមួយ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងមានសម្ថកិច្ច ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងដោយកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ច តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងការចូលរួម អនុវត្តយ៉ាងសកម្ម ពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន តាមរយៈការបន្តស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ បានធ្វើអោយ ខេត្តកណ្តាល នៅឆ្នាំ២០២២កន្លងមកនេះ មានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់បទល្មើស ល្បែងសុីសង គ្រឿងញៀន និងពង្រឹង ការងារផ្តល់សេវាសាធារណៈជូនប្រជាលរដ្ឋបានល្អប្រសើរ ។
លោកបន្តថា៖បើទោះបីជាយ៉ាងណាក្តីសមិទ្ធផល និងស្នាដៃការងារខាងលើនេះ រដ្ឋបាលខេត្តកណ្តាលក៏នៅមានការងារសេសសល់ និងបញ្ហាបឈមមួយចំនួនទៀតផងដែរ ដែលទៀមទាអោយក្រុមប្រឹក្សា និងគណៈអភិបាល រៀបចំជាប្រធានបទសម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតឆ្នាំនេះ ។
លោកបន្ថែមថា៖ កិច្ចការទាំងអស់នេះ គឺជាចំណុចគន្លឹះ និងជាការងារអាទិភាព ទាមទារឱ្យយើងត្រូវបន្តខិតខំប្រឹងប្រែង រួមគ្នាថែមទៀត ដើម្បីថែរក្សាសមិទ្ធផល, ស្នាដៃការងារ និងដើម្បីពង្រីកយន្តការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាសុខសុវត្ថិភាព, ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ រាជធានីភ្នំពេញលើគ្រប់វិស័យ។
ក្នុងឱកាសនោះ អង្គសន្និបាតបានសម្រេចបែងចែកក្រុមពិភាក្សា ដែលមានសមាសភាពចូលរួមពី អាជ្ញាធរមូលដ្ឋាន, មន្ទីរ-អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីឯកឧត្តមប្រធានក្រុមប្រឹក្សា ដើម្បីទទួលយកធាតុចូលកាន់តែច្បាស់លាស់ ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៥ រួមមាន ៖ ប្រធានបទទី១ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាមដូចជា សំណល់រាវ សំណល់ភក់បង្គន់ សំណល់សំណង់ សំណល់ថ្មពិល-អាគុយ ។ល។ ប្រធានបទទី២ ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតសំខាន់លើវិវាទដីធ្លី ។ ប្រធានបទទី៣ បទពិសោធន៍ល្អៗ ក្នុងការសហការរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ និងការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារាំហ្គេមលើកទី១២។ ប្រធានបទទី៤ ៖ គោលនយោបាយ“ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការធ្វើអធិការកិច្ចហត្ថពលករបរទេស និងប្រធានបទទី៥ ៖ ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ នៅរាជធានីភ្នំពេញ៕
ដោយ ៖ សហការី