ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង មហាផ្ទៃបានឱ្យដឹងក្នុងរបាយការណ៍មួយថា នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះសមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាប់ខ្លួន និងបណ្តេញចេញជនមបរទេសឲ្យទៅប្រទេសពួកគេវិញជិត៦ ០០០នាក់ដែលមកពី ៤២សញ្ជាតិ ខណៈជនបរទេសមួយចំនួនទៀតកំពុងលាក់ខ្លួន ហើយអាជ្ញាធរកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។
យោងតាមរបាយការណ៍ របស់អគ្គនាយករដ្ឋានអន្តោ ប្រវេសន៍ ដែលបានចែកជូនដល់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោកសុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញថា មានជនបរទេស ៥.៨២៥នាក់ មកពី៤២សញ្ជាតិ ដោយក្នុងនោះជនជាតិថៃ,ចិន និងវៀតណាមច្រើនជាងគេ ហើយការចាប់បញ្ជូនពួកគេទៅប្រទេសវិញនេះ គឺមកពីពួកគេចូលធ្វើការនៅស្រុកខ្មែរពុំមានឯកសារត្រឹមត្រូវ និងប្រព្រឹត្តបទល្មើសជាដើម។
ទាក់ទងនិងការចាប់ខ្លួន និងបណ្តេញជនបរទេសចេញពីប្រទេសកម្ពុជានេះដែរ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ផងដែរថា ការដែលនគរបាលអន្តោប្រវេសន៍ចាប់ខ្លួន និងបណ្តេញជនបរទេសទាំងនោះ ចេញគឺដោយសារពួកគេបានប្រព្រឹត្តខុសនិងច្បាប់នៅកម្ពុជា ដូចជាការចូលមកធ្វើការងារដោយពុំមានឯក សារត្រឹមត្រូវ និងលួចចូលស្រុកខ្មែរតាមផ្លូវកាត់ជាដើម។
នាយឧត្តមសេនីយ៍អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ក្រៅពីចាប់ខ្លួន និងបណ្តេញពួកជនបរទេសននោះចេញពីកម្ពុជាហើយក៏នៅមានជនបរទេស មួយចំនួនទៀត កំពុងលាក់ខ្លួនផងដែរ ប៉ុន្តែអាជ្ញាធរកំពុងស្រាវ ជ្រាវតាមចាប់ផងដែរ។ ពោលគឺអាជ្ញាធរមានសមត្ថកិច្ចមិនអនុញ្ញាតឲ្យពួកគេរស់នៅដែលខុសច្បាប់នោះឡើយ។
កាលពីឆ្នាំ២០២២កន្លងទៅនេះដែរ ជនបរទេសដែលបានជាប់ពន្ធនាគារនៅកម្ពុជា គឺមានចំនួន ១.៦១២នាក់ មកពី៤៥សញ្ជាតិ ដោយក្នុងនោះមានជនជាតិវៀតណាម ចិន និងថៃច្រើនជាងគេ។ ដោយ ឡែកជនបរទេសរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗមានចំនួន២៨២នាក់ ដោយក្នុងនោះស្លាប់ចំនួន២២៣ នាក់៕
ដោយ៖ សូរិយា