ភ្នំពេញ ៖ បន្ទាប់ពីសហមេធាវី លោក កឹម សុខា ចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា, នារសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ សហមេធាវីការពារក្តីបានទៅផ្ទះឯកឧត្តម កឹម សុខា ដើម្បីជួបកូនក្តី នៅគេហដ្ឋានដែលដាក់គាត់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ឃុំ ខ្លួនក្នុងផ្ទះ) ដើម្បីពិគ្រោះយោបល់ច្បាប់ និងរៀបចំពាក្យបណ្ដឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌ លេខ១៨២ «ម» ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានកង កម្លាំង ស្លៀកពាក់ស៊ីវិល ដែលយាមនៅមុខផ្ទះគាត់ បានរារាំង និង មិនអនុញ្ញាតឱ្យសហមេធាវី ជួបពិគ្រោះយោបល់ច្បាប់ ជាមួយកូនក្តីរបស់យើងខ្ញុំឡើយ ដោយណែនាំឱ្យសហមេធាវីត្រូវសុំ ការអនុញ្ញាតិពីព្រះរាជអាជ្ញាជាមុនសិន។
សហមេធាវីមិនអាចអនុវត្តតាមការណែនាំ ដែលផ្ទុយនឹងច្បាប់ក្រម និង វិធានជាធរមាន ដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវីនោះឡើយ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា តាមរយៈប្រព័ន្ធ Telegram យ៉ាងដូច្នេះថា ( សូមផ្តល់ជាយោបល់ផ្នែកច្បាប់ខ្លះ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា៖
១. បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ ដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី។
២. សូម្បីតែចូលជួបកូនក្តីខ្លួនក្នុងពន្ធធនាគារ ក៏ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។
៣. ដូច្នេះ ប្រសិនបើមានចេតនាជួបជាមួយកូនក្តីពិតប្រាកដមែន គ្រាន់តែស្នើសុំបន្តិចទៅ ដូចជាមិនអីទេ លើកលែងតែមានចេតនាផ្សេងពីនេះ ៕
ដោយ ៖ សិលា