ភ្នំពេញ៖ ដេីម្បីកុំឱ្យមានការបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបង្កសំម្លេងរំខានដល់ប្រជាពលរដ្ឋកំពុងដេកលង់លក់ក្នុងដំណេក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ជើងគោក ឃាត់ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសម្លេងខ្លាំងខុសបច្ចេកទេសបានចំនួន ១៨គ្រឿង នៅដងផ្លូវសាធារណៈ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៥ ខែមីនា ឆ្នាំ២០២៣នេះថា៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែមីនាម្សិលមិញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៨គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ក្រោយឃាត់ម៉ូតូ និងម្ចាស់យកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មន្រ្តីជំនាញក៏បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឱ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឱ្យវិញ។
គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ តែងតែមានវិធានការចុះឃាត់ក្រុមអ្នកជិះម៉ូតូ ដែលប្រេីប្រាស់ និងកែច្នៃបំពាក់ស៊ីម៉ាំងបំពងសម្លេងខ្លាំងខុសបច្ចេកទេសជាបន្តបន្ទាប់បានជាច្រេីនគ្រឿងផងដែរ៕
ដោយ៖សហការី