ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិតទទួលសញ្ញាបត្រទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។
យោងតាមការស្ទង់មតិ លោកបណ្ឌិត ឌៀប សីហា បានឱ្យដឹងថា និស្សិតត្រូវទទួលសញ្ញាបត្រនេះ អ្នកមានការងារធ្វើ ស្មើនឹង ៩៥.៨៨ភាគរយ ក្នុងនោះ ការងារត្រូវជំនាញសិក្សា ស្មើ ៧៦.៣៦ភាគរយ, ការងារមិនត្រូវជំនាញសិក្សា ស្មើ ១២.៨៤ភាគរយ និងការងារជាអាជីវកម្មផ្ទាល់ខ្លួន ស្មើ ១០.៨១ភាគរយ។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) នៅម៉ោង៧:០០នាទីព្រឹក ពីមជ្ឈមណ្ឌលកោះពេជ្រ៕
ដោយ៖ស តារា