ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់គួរឱ្យរន្ធត់នៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់គួរឱ្យរន្ធត់បំផុត ខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តមួយគ្រឿងបើកមិនប្រយ័ត្នមកបុកពេញទំហឹង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២៣និង២៥នាទី នៅលើកំណាត់ផ្លូវខេត្តលេខ៣៨១ ស្ថិតនៅភូមិកណ្តាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខកំពង់ចាម2B-4735 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1JE-3541បើកបរដោយឈ្មោះ វ៉ាត សាម៉េត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា (ស្លាប់នៅកន្លែងកើតហេតុ)  ។ ចំពោះវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល  ។ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមសេចក្តីសន្និដ្ឋាន រថយន្ដបង្កហេតុខាងលើបើកបរមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន ។ ករណីខាងលើនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖