ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាធិបតេយ្យរបស់លោកស្រី អោងសាន ស៊ូជី ត្រូវបានរំលាយ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានប្រកាសថា គណបក្សរបស់លោកស្រី អោងសាន ស៊ូជី នឹងត្រូវបានរំលាយចោល ដោយសារតែបរាជ័យក្នុងការ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី។
នៅក្នុងសេចក្ដីប្រកាសមួយកាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ ទូរទស្សន៍ Myawaddy TV បានបញ្ជាក់ថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ស្ថិតនៅក្នុងចំណោមគណបក្សនយោបាយចំនួន៤០ ដែលមិនបានបំពេញតាមក្រឹត្យក្រមនៃកាលបរិច្ឆេទចុះបញ្ជីសម្រាប់ការបោះឆ្នោតសកល។
កាលពីខែមករាកន្លងទៅនេះ របបដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសទុកពេល២ខែសម្រាប់គណបក្សនយោបាយទំាងអស់ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឡើងវិញ នៅក្រោមច្បាប់បោះឆ្នោតថ្មី ដែលអ្នករិះគន់អះអាងថាមានការរឹតត្បិតខ្លាំងនៅមុនការបោះឆ្នោតសកលដែលមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយ។
គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ធ្លាប់បានប្រកាសថាខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតសកលដែលប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង សន្យាថានឹងរៀបចំឡើងនោះទេ ដោយអះអាងថាគឺជាការបោះឆ្នោតខុសច្បាប់៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Reuters)


ចែករំលែក៖