ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវឱ្យ ក្រុមគ្រូពេទ្យប្រកាន់ ភ្ជាប់ក្រម សីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋពេញចិត្តពេញថ្លើម នឹងសេវាកម្មរបស់វិស័យសុខាភិបាលនេះ

ចែករំលែក៖

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានតម្រង់ទិសឲ្យក្រុមគ្រូពេទ្យប្រកាន់ ភ្ជាប់ក្រម សីលធម៌ វិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋពេញចិត្តពេញថ្លើមនឹងសេវាកម្មរបស់វិស័យសុខាភិបាលរបស់យើង។

    លោកបានអំពាវនាវបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញនៅថ្ងៃទី២៩ មីនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

      លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងលើវិស័យសុខាភិបាល ពិសេសសុខុមាលភាពប្រជាពលរដ្ឋ។នៅឆ្នាំ២០៣០ខាងមុខ រាជរដ្ឋាភិបាលបានកំណត់គោលដៅ តម្រង់ទិស រយៈពេលមធ្យមនិងរយៈពេលវែង ក្នុងគ្រប់គ្រងធនធានមនុស្ស ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើន។ 

   លោកបន្តថា សម្ដេចតេជោហ៊ុន សែន បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដាក់ចេញនូវវិធានការឆ្លើយតប ពិសេសយុទ្ធសាស្ត្រ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ និងបានបើកអោយដំណើរការ សេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញនៅឆ្នាំ ២០២១ ។ លោកបានបន្តថា តាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល បានបង្ហាញពីការងារ យ៉ាងល្អរបស់មន្ត្រីនិងដៃគូអភិវឌ្ឍន៍ តាមរយៈការពិនិត្យសមិទ្ធផលដែលបានធ្វើរួមគ្នា ក្នុងការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាពពិសេស ការតម្រង់ទិសឲ្យក្រុមគ្រូពេទ្យអនុវត្តក្រោមសីលធម៌ វិជ្ជាជីវៈធ្វើយ៉ាងណាអោយប្រជាពលរដ្ឋពេញចិត្តនឹងសេវាកម្មរបស់យើង។

  លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រសាសន៍ថា៖ អង្គសន្និបាតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើន ជាពិសេសការ ចូលរួមយ៉ាងសកម្មបំផុតក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ នាកន្លងមក រហូតទទួលបានជោគជ័យ។ជាមួយគ្នានេះអង្គសន្និបាតទបានប្ដេជ្ញារួមគ្នាដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាន និង បានឯកភាពលើទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល បន្ថែមលើលទ្ធផល បញ្ហាប្រឈម និងទិសដៅមួយចំនួន ។ អង្គសន្និបាតបានឯកភាពគោរពស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការលប់បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាល ខុសច្បាប់ ថ្នាក់ខណ្ឌ ដើម្បីពង្រឹងយន្តការតាមដានត្រួតពិនិត្យសេវាសុខាភិបាលឯកជនឱ្យកាន់តែមាន ប្រសិទ្ធិភាព។

      លោកបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ អង្គសន្និបាតទាំងមូល ក៏បានកំណត់ទិសដៅ ភារកិច្ច និងការទទួលខុសត្រូវរួមគ្នា ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជំងឺ កាចសាហាវផ្សេងៗទៀត ព្រមទាំងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការ ចូលរួមសហការផ្តល់សេវាសុខាភិបាលចាំបាច់ផ្សេងៗ ក្នុងឱកាស ដែល រាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ក្នុងរយៈពេលដ៏ខ្លីខាងមុននេះ៕

ដោយ ៖ សំរិត


ចែករំលែក៖