ខេត្តបន្ទាយមានជ័យ៖ មន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣នេះបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក អប់ រ៉ាឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម ប្រតិភូអមដំណើរលោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត អ្នកពាក់ព័ន្ធ លោក-លោកស្រី សហគមន៍ដំឡូងមីទូទាំងខេត្ត ធ្វើឡើងនៅសាលប្រជុំមន្ទីរ ពាណិជ្ជកម្មខេត្ត។
លោក ឃ្លោក នួយ អភិបាលរងខេត្ត បានឱ្យដឹងថា ៖ ដំណាំដំឡូងមីក្នុងខេត្តបន្ទាយមានជ័យមានផ្ទៃដីដាំដុះសរុប ៧០,០០០ ហិកតា ជាមួយបរិមាណផលប្រមាណ ១,២៩៦,៣៥៥តោន ក្នុងនោះមានស្រុក-ក្រុងចំនួន៨ ដែលមានសក្តានុពលសម្រាប់ដំណាំដំឡូងមី។ លោកបន្តថា ៖ ចំពោះទីផ្សារដំឡូងមីក្នុងខេត្តមាន៖ សហគ្រាសធុនតូច (លានដំឡូង) សម្រាប់ទទួលទិញ- សម្ងួត ឬហាលដំឡូងមានចំនួន៧ (ចំណែកទីផ្សារក្នុងស្រុកបានលក់ទៅខាងខេត្តប៉ៃលិន-រាជធានីភ្នំពេញ) ។ ចំណែកទីផ្សារក្រៅប្រទេសបាននាំចេញដំឡូងមីស្រស់ និងចំណិតដំឡូងមីស្ងួតទៅប្រទេសថៃ ។
លោក អប់ រ៉ាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មបានមានប្រសាសន៍ថា ដើម្បីអនុវត្តគោលនយោបាយជាតិដំឡូងមីនេះ ប្រកបដោយប្រសិទ្ធភាព រចនាសម្ព័ន្ធគ្រប់គ្រងវិស័យដំឡូងមីចាំបាច់ត្រូវបង្កើតឡើងសំដៅសម្របសម្រួលប្រមូលផ្តុំ តម្រង់ទិស និងភ្ជាប់ទំនាក់ទំនងរវាងផ្នែកពាក់ព័ន្ធទាំងអស់ដែលអាចដោះស្រាយបាននូវការខ្វះខាត និងឈានទៅអភិវឌ្ឍវិស័យនេះឱ្យមាននិរន្តរភាព។
លោកបន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនិងគោលបំណងខាងលើ គោលនយោបាយជាតិនេះកំណត់គោលដៅសំខាន់ៗចំនួនបីដូចខាងក្រោម៖
-ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្មនិងអនុវត្តតាមគោលការណ៍បច្ចេកទេស ដែលកសិករអាចទទួលបានប្រាក់ចំណូលក្នុងបរិបទដែលថ្លៃដំឡូងមីប្រែប្រួល ការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព និងកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
-គាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីដែលមានសក្តានុពលនិងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលដំឡូងមីដែលមានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារនានា។
-លើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មតាមរយៈការជ្រៀតចូលនិងចាប់យកចំណែកទីផ្សារ កែលម្អ កិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយដែលមិនចាំបាច់ និងផ្សារភ្ជាប់នឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ៕
ដោយ ៖ វណ្ណា