ភ្នំពេញ ៖ កន្លងមក គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យឃើញថា ការកំណត់អំពី លក្ខខណ្ឌនៃការចេញប័ណ្ណសម្គាល់ខ្លួនជំនួយការមេធាវីនៅពុំទាន់ច្បាស់លាស់ នាំឱ្យមាន ការតវ៉ា យោបល់ និងសំណូមពរផ្សេងៗគ្នាពីសហភាតាលើការចេញប័ណ្ណសម្គាល់ខ្លួនជំនួយការ មេធាវីនេះ។ លើសពីនេះ ក៏នៅមានជំនួយការមេធាវីមួយចំនួនតូចបានយកប័ណ្ណសម្គាល់ខ្លួន ជំនួយការមេធាវីនេះ ទៅប្រើខុសពីតួនាទីនិងភារកិច្ចដែលមេធាវីបានប្រគល់ឱ្យ បណ្តាលឱ្យ ប៉ះពាល់ដល់កិត្តិយសរបស់មេធាវីនិងវិជ្ជាជីវៈមេធាវីទាំងមូល។
ក្នុងគោលបំណងការពារកិត្តិយសនិងតម្លៃនៃវិជ្ជាជីវៈមេធាវី និងដើម្បីឱ្យមានភាព ច្បាស់លាស់ដល់ការអនុវត្ត គណៈមេធាវីសូមធ្វើការណែនាំដល់សហភាតាដែលស្នើសុំចេញ ប័ណ្ណសម្គាល់ខ្លួនជំនួយការមេធាវីនិងអគ្គលេខាធិការដ្ឋានគណៈមេធាវី ដូចតទៅ៖
១-លក្ខខណ្ឌនៃការស្នើសុំប័ណ្ណសម្គាល់ខ្លួនជំនួយការមេធាវី៖
– ត្រូវដាក់ពាក្យស្នើសុំដោយមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ មេធាវីសុំមិនប្រកបវិជ្ជាជីវៈ មេធាវីសុំនៅក្រៅបញ្ជីគណៈមេធាវី និងមេធាវីកម្មសិក្សាពុំមាន សិទ្ធិស្នើសុំប័ណ្ណសម្គាល់ខ្លួនជំនួយការមេធាវីឡើយ
– មេធាវីម្នាក់អាចសុំប័ណ្ណសម្គាល់ខ្លួនជំនួយការមេធាវីបានយ៉ាងច្រើន៥នាក់
– ជំនួយការមេធាវីត្រូវមានសញ្ជាតិខ្មែរ
– ជំនួយការមេធាវីត្រូវតែជាបុគ្គលដែលកំពុងសិក្សាឬបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រឬផ្នែករដ្ឋបាលសាធារណៈ
– ត្រូវបង់ប្រាក់ចំនួន ២០(ម្ភៃ)ដុល្លារអាមេរិក
– ត្រូវភ្ជាប់មកជាមួយពាក្យសុំនូវប្រវត្តិរូបរបស់ជំនួយការ ពាក្យសុំធ្វើជាជំនួយការ របស់សាមីខ្លួន កិច្ចសន្យាការងារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយមាន ហត្ថលេខា ស្នាមមេដៃស្ដាំ និងឈ្មោះរបស់សាមីខ្លួន និងរូបថតទំហំ ៤x៦ ចំនួន២សន្លឹក (ទម្រង់គំរូពាក្យសុំមាននៅក្នុងគេហទំព័រ bakc.org.kh របស់ គណៈមេធាវី)។)
២-គណៈមេធាវីចេញប័ណ្ណសម្គាល់ខ្លួនជំនួយការមេធាវីឱ្យមេធាវីម្នាក់ៗដែលស្នើសុំ ពុំចេញប័ណ្ណសម្គាល់ខ្លួន ជំនួយការមេធាវីឱ្យការិយាល័យវិជ្ជាជីវៈណាមួយឡើយ។ ការចេញប័ណ្ណសម្គាល់ខ្លួនជំនួយការមេធាវីឱ្យតែចំពោះ មេធាវី ដើម្បីជួយសម្រួលដល់ការស្នើសុំរបស់មេធាវីដែលប្រកបវិជ្ជាជីវៈជាក្រុមមេធាវីឬនៅតាមការិយាល័យមេធាវី ហើយងាយស្រួលក្នុងការគ្រប់គ្រងនិងមានការទទួលខុសត្រូវច្បាស់លាស់ រូប័ណ្ណសម្គាល់ខ្លួនជំនួយមេធាវីមាន ភ្ជាប់ជាមួយសេចក្ដីណែនាំនេះ។
៣-ដើម្បីរក្សាបាននូវតម្លៃវិជ្ជាជីវៈមេធាវីនិងកិត្យានុភាពរបស់គណៈមេធាវី មេធាវីដែលដាក់ពាក្យស្នើសុំ ជំនួយការ ត្រូវត្រួតពិនិត្យនូវរាល់សកម្មភាពជំនួយការរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ជៀសវាងការអនុវត្តសកម្មភាព ណាដែលប៉ះពាល់ដល់តម្លៃវិជ្ជាជីវៈមេធាវី។ ក្នុងករណីជំនួយការមេធាវីណាម្នាក់ប្រព្រឹត្តអំពើដែលប៉ះពាល់ដល់ តម្លៃវិជ្ជាជីវៈឬកិត្យានុភាពរបស់គណៈមេធាវី ឬអំពើផ្ទុយពីច្បាប់ មេធាវីដែលស្នើសុំជំនួយការនោះ ត្រូវទទួលខុសត្រូវ ចំពោះមុខគណៈមេធាវីនិងទទួលខុសត្រូវលើការខូចខាតដែលកើតចេញពីអំពើអនីត្យានុកូលរបស់ជំនួយការរូប នោះ។
ក្រោយពីទទួលបាននូវសេចក្តីណែនាំនេះ សមាជិក-សមាជិកាគណៈមេធាវីនិងអគ្គលេខាធិការដ្ឋាន គណៈមេធាវី ត្រូវអនុវត្តតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់តាមភារកិច្ច រៀងៗខ្លួន ៕
ដោយ ៖ សុខ ខេមរា