ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មាន របស់ Wall Street Journal ត្រូវបានចាប់ខ្លួននៅរុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានដកស្រង់សេចក្តីប្រកាសរបស់ទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា អ្នករាយការណ៍ព័ត៌មានម្នាក់ដែលធ្វើការឱ្យសារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិក ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងយេកាតឺរីនបឺគ (Yekaterinburg) ដែលស្ថិតនៅតំបន់ជួរភ្នំអូរ៉ាល់ ក្រោមការសង្ស័យករណីចារកម្ម។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៉ី Interfax ទីភ្នាក់ងារ FSB បាននិយាយដូច្នេះថា «អាជ្ញាធរបានបញ្ឈប់សកម្មភាពខុសច្បាប់នានា របស់ពលរដ្ឋអាមេរិក ឈ្មោះ អ៉ីវ៉ាន់ ហ្កឺស្កូវិច (Evan Gershkovich) កើតនៅឆ្នាំ១៩៩១ ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានអាមេរិក The Wall Street Journal ប្រចាំនៅការិយាល័យទីក្រុងមូស្គូ ដែលក្រសួងការបរទេសរុស្ស៉ីសង្ស័យថា បានធ្វើសកម្មភាពចារកម្មបម្រើដល់ ផលប្រយោជន៍របស់រដ្ឋាភិបាលអាមេរិក»។
យោងតាមការអះអាងរបស់សេចក្តីថ្លែងការណ៍ខាងលើ គឺបុគ្គល ហ្កឺស្កូវិច ទទួលបានបញ្ជាពីអាមេរិកឱ្យប្រមូលយកព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពរបស់សហគ្រាស នៅក្នុងវិស័យឧស្សាហកម្មយោធា-ការពារជាតិរបស់ប្រទេសរុស្ស៉ី។ យ៉ាងណាមិញ ការអះអាងនេះ មិនមានការផ្តល់ភស្តុតាងភ្ជាប់មកជាមួយឡើយ។ ដោយឡែក ខាងសារព័ត៌មាន The Wall Street Journal មិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយជុំវិញដំណឹងនៃការឃាត់ខ្លួនបុគ្គលិករបស់ខ្លួននេះ នៅឡើយទេ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Facebook


ចែករំលែក៖