ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ ថ្ងៃនេះត្រកូលឌី បូកជាមួយត្រកូលហ៊ុនបានបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្តាយខ្ញុំដែលមានព្រះជន្ម១០២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារមានទុក្ខជាទំងន់ បន្ទាប់ពីទទួលដំណឹងថា, ថ្ងៃនេះត្រកូលឌី បូកជាមួយត្រកូលហ៊ុនបានបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្តាយសម្តេចដែលមានព្រះជន្ម១០២ឆ្នាំ។ 

នៅលើផេកផ្លូវការ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ថា, ថ្ងៃនេះត្រកូលឌីបូកជាមួយត្រកូលហ៊ុនបានបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្តាយខ្ញុំដែលមានព្រះជន្ម១០២ឆ្នាំ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ទៀតថា, ប្អូនប្រុសម្តាយខ្ញុំឈ្មោះ ឌី បូ បានទទួលមរណៈភាពកាលពីម៉ោង11.45នាទីថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ១០២ឆ្នាំ។

សម្តេចតេជោ បញ្ជាក់ថា, ល្ងាចស្អែកខ្ញុំនឹងទៅដុតធូបដើម្បីគោរពវិញាណក្ខន្ធនិងជូនដំណើរចុងក្រោយចំពោះលោកពូ។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទីនេះ បានបញ្ចេញសារសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពប្អូនស្រីថ្លៃ គឺលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ដោយសម្តេចចាត់ទុកថា នេះជាក្រិត្យក្រឹមធម្មជាតិរបស់មនុស្សលោក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារនៅលើបណ្តាញសង្គមហ្វេសបុកយ៉ាងដូច្នេះថា «ក្រិត្យក្រមធម្មជាតិ។ ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី»។

សូបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីដំណឹងពីមរណភាពរបស់ក្រុមគ្រួសារសព។

សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ដោយឡែក លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទោះមានទុក្ខផ្ទួនៗ ដែលសម្តេចបានបំពេញគ្រប់កម្មវិធីបុណ្យតាមប្រពៃណី និងបានធ្វើកិច្ចការប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ និងមុខមាត់ប្រទេសជាតិ ជាប់ជានិច្ច ៕

ដោយ ៖ សិលា


ចែករំលែក៖