ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមានសន្តិភាព ក្រុមហ៊ុន ខេ (ខេមបូឌា)បើកដំណើរការ ជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីក្រុមហ៊ុន ហ្វត បានបង្កើតរោងចក្រតម្លើងរថយន្ត នៅខេត្តពោធិ៍សាត់ ប្រកបដោយភាពជោគជ័យ ។ ឈានមានក្រុមហ៊ុន ខេ (ខេមបូឌា)បើកដំណើរការ ជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ។ 

សូមបញ្ជាក់ថា, នៅថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ ក្រុមហ៊ុនដែលបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគលើរោងចក្រដំឡើងរថយន្តនេះឡើង ដែលបង្ហាញពី ជំនឿទុកចិត្តរបស់ក្រុមហ៊ុនលើរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច។

លោកបានលើកឡើងថា រោងចក្រដំឡើងរថយន្តនេះគឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុ វិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុនបាន។ វត្តមាននៃគម្រោងវិនិយោគនេះនៅខេត្តកំពង់ស្ពឺក៍ជាជោគជ័យនៃគោលនយោបាយ ពង្រាយរោងចក្រនៅតាមបណ្តាខេត្តរបស់ សម្តេចគេជោនាយករដ្ឋមន្រ្តី ផងដែរ។ ជាក់ស្ដែង ក្នុង អំឡុងរយះពេលបីឆ្នាំចុងក្រោយនេះ ប្រមាណ៦០% នៃតម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុម ប្រឹក្សាអភិវឌ្ឃន៍កម្ពុជា មានទីតាំងនៅតាមបណ្ដាខេត្តនានាក្រៅពីខេត្តកណ្ដាលនិងរាជធានីភ្នំពេញ។

លោកបានជម្រាបជូនអង្គពិធីដែរថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាក ល្បីៗជាច្រើន ដូចជា IIyundai, Kia, Ssangyong, Soueast, Dongfeng, Ford, និង Toyota ហើយថ្ងៃ នេះម៉ាកយីហោដ៍ល្បីមួយទៀត គឺ ISUZU បានបោះទុនបង្កើតរោងចក្រដំឡើងនៅកម្ពុជា ដែលស បញ្ជាក់ពីជំនឿយ៉ាងមុតមាំពីសក្តានុពលនៃទីផ្សាររថយន្តកម្ពុជាដែលមានការកើនឡើងជាលំដាប់ ស្រួច នឹងកំណើនសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមទៀតថា ក្រៅពីរោងចក្រដំឡើងរថយន្ត កម្ពុជាក៍មានការវិនិយោគក្នុងការ ផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គុំរថយន្តជាច្រើនផងដែរ ដូចជារោងចក្រផលិតខ្សែភ្លើងក្នុងរថយន្ត កៅអី ប្រព័ន្ធអគ្គិសនី និងម៉ូទ័រនានានៅក្នុងរថយន្ត។ ជាងនេះទៅទៀត បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន២ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈឺលូ នៅខេត្តស្វាយរៀង និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគសរុបប្រមាណ៨៧១លានដុល្លារអាមេរិក ដែល នឹងមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់ទីផ្សារដល់កៅស៊ូកម្ពុជា ផងដែរ។

ដើម្បីជំរុញការអភិវឌ្ឍវិស័យយានយន្តឱ្យឈានឡើងមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ ដោយឡែកច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានដាក់ឱ្យប្រើ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានកំណត់នូវវិស័យអាទិភាពនានាដែលទទួលបានការលើកទឹក ចិត្តវិនិយោគ និងការលើកទឹកចិត្តនានា រួមទាំងការលើកទឹកចិត្តសម្រាប់ការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុក និងការលើកទឹកចិត្តចំពោះសកម្មភាពមួយចំនួនដូចជាការផ្តល់ការបណ្តុះបណ្ដាល ជំនាញដល់កម្មករនិយោជិតខ្មែរ ការផ្ដល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករនិយោជិតខ្មែរតាម រយះការផ្តល់មធ្យោបាយដឹកជញ្ជូនប្រកបដោយផាសុកភាព កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ។ល។

ដោយ ៖ សិលា


ចែករំលែក៖