ព័ត៌មានទាន់ហេតុការណ៍៖

ក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច ក្នុងវិស័យយោធាចិន-រុស្សុីក៏កាន់តែជិតស្និទ្ធថែមទៀត

ចែករំលែក៖

នៅក្នុងវិស័យនយោបាយនិងសេដ្ឋកិច្ច ពាណិជ្ជកម្មចិននិងរុស្ស៊ីមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាងមុន ។ នៅពេលនេះដែរ ក្នុងវិស័យយោធា ចិននិងរុស្ស៊ីក៏បានបង្កើនទំនាក់ទំនងសហប្រតិបត្តិការផងដែរ។ ទាំងនោះហើយបានធ្វើឱ្យលោកខាងលិចកាន់តែបារម្ភ ពិសេសគឺអាមេរិក ខ្លាចបាត់បង់មហាអំណាចយោធាទីមួយនៅលើពិភពលោក។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមីនា ឆ្នាំ២០២៣បានផ្សាយថាក្រសួងការពារជាតិចិននៅថ្ងៃទី៣០ ខែមីនានេះបានប្រកាសថា យោធារបស់ខ្លួនមានឆន្ទៈក្នុងការធ្វើការរួមគ្នាជាមួយយោធារុស្ស៊ីដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចការសម្របសម្រួលជាយុទ្ធសាស្ត្រ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក តាន់ កឺហ្វៃ (Tan Kefei) អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយថា រុស្ស៉ី-ចិន នឹងធ្វើការរួមគ្នាដើម្បីអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក។ ប្រទេសទាំងពីរនឹងពង្រឹងទំនុកចិត្តខាងផ្នែកយោធាឱ្យកាន់តែស៊ីជម្រៅ និងរួមគ្នាការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ បើតាមលោក តាន់ យោធាប្រទេសទាំងពីរ ក៏នឹងរៀបចំឱ្យមានបន្ថែមទៀតផងដែរនូវការល្បាតដែនសមុទ្រ និងសមយុទ្ធយោធារួមគ្នា។
ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ថ្មីៗនេះ ទើបតែបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី និងជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ជាដំណើរទស្សនកិច្ចដែលសហរដ្ឋអាមេរិកឃ្លាំមើលនិងរិះគន់ជាខ្លាំង៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ RIA Novosti)


ចែករំលែក៖