ខេត្តសៀមរាប ៖ នៅថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពលោក ផេង ចន្ធូ អាយុ៤៤ឆ្នាំ មានទីលំនៅនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះដោយសាររលំប៉ាណូសង្កត់ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាបនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
មានប្រសាសន៍នាឱកាសនោះ លោក ស៊ុំ សំអន បានជម្រាបជូនថា បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីនេះ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកនាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យ និងសូមចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ជាមួយនោះលោក និងក្រុមការងារ ក៏សូមចូលរួមសោកស្តាយជាខ្លាំង ចំពោះក្រុមគ្រួសារសពដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
ដោយឡែកនៅព្រឹកដដែលនេះដែរ លោក ស៊ុំ សំអន ព្រមទាំងសហការី ក៏បានបានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់លោក ជា ណារ៉ាត់ អាយុ៣៣ឆ្នាំ រស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ដែលកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយលោកបាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
សូមជម្រាបថា ក្នុងឱកាសនោះក្រុមការងារបាននាំយកនូវអំណោយដើម្បីចូលរួមបុណ្យសពរួមមាន៖ អង្ករ ៣០គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៨សែនរៀល។ ហើយជនរងគ្រោះដែលកំពុងសម្រាកព្យាបាលទទួលបាន៖ អង្ករ៣០គក្រ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា ៤សែនរៀល។ ជាមួយគ្នានោះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង ក៏បានចូលរួមឧបត្ថម្ភបន្ថែមនូវថវិកាចំនួន២សែនរៀល និងលោកមេឃុំត្រពាំងធំថវិកាចំនួន ១សែនរៀលផងដែរ៕
ដោយ ៖ សហការី